កម្ពុជា ចូលរួមជាមួយប្រទេសជាង១៦០ ប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦

 

(ភ្នំពេញ)៖ កម្ពុជា រួមជាមួយប្រទេសសរុបជាង១៦០លើពិភពលោក បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យអនឡាញដែលកើតឡើងថ្មីៗ រួមមានការគំរាមកំហែងតាមអ៊ីនធឺណិត និងបណ្តាញសង្គម រហូតដល់ការការពារអត្តសញ្ញាណឌីជីថល។

 

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

 

ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានសហការរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងព័ត៌មាន (Molnfo) និងសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)។

 

អ្នកចូលរួមជាង ២០០០នាក់ បានរួមគ្នាអបអរសាទរយុទ្ធនាការនេះ ដែលរួមមានកុមារ យុវជនវ័យក្មេង មន្ត្រីរាជការ គ្រូបង្រៀន តំណាងអង្គការសង្គមស៊ីវិល ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ។

 

ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ បានលើកទឹកចិត្តកុមារ និងយុវវ័យ ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ។ សម្រាប់កម្ពុជា ប្រធានបទឆ្នាំនេះគឺ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលសំដៅដោះស្រាយបញ្ហាប្រឈមថ្មីៗ ខណៈដែលកសាងទំនុកចិត្តឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង។

 

យើងទទួលស្គាល់ថា កុមារមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ពួកគេជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា។ យុទ្ធនាការរបស់យើងផ្ដោតលើគោលបំណងចម្បងបី៖

 

១) អប់រំ៖ ជួយកុមារ ឪពុកម្តាយ និងគ្រូបង្រៀនឱ្យយល់ដឹងពីទាំងឱកាស និងហានិភ័យនៅក្នុងពិភពឌីជីថលរបស់យើង រួមទាំងបច្ចេកវិទ្យា AI។

 

២) បំពាក់៖ ផ្តល់ឧបករណ៍ និងចំណេះដឹងជាក់ស្តែងសម្រាប់អាកប្បកិរិយាអនឡាញប្រកបដោយសុវត្ថិភាព ការគិតត្រិះរិះ និងភាពជាពលរដ្ឋឌីជីថលដែលមានការទទួលខុសត្រូវ។

 

៣) ផ្តល់សមត្ថភាព៖ បង្កើតទំនុកចិត្តក្នុងចំណោមកុមារ និងយុវជន ឱ្យហ៊ាននិយាយ ស្វែងរកជំនួយ និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនៅក្នុងសហគមន៍អនឡាញរបស់ពួកគេ។

 

យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត (SID) ត្រូវបានចាប់ផ្តើមឡើងដោយគម្រោង EU SafeBorders នៅក្នុងឆ្នាំ២០០៤ ហើយយុទ្ធនាការនេះបានវិវត្តពីគំនិតផ្តួចផ្តើមនៅប្រទេសក្នុងសហគមន៍អឺរ៉ុបទៅជាចលនាសកល ដែលឥឡូវនេះត្រូវបានប្រារព្ធនៅក្នុងបណ្តាប្រទេសជាង១៦០ នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះលើកកម្ពស់ការយល់ដឹងអំពីហានិភ័យអនឡាញដែលកើតឡើងថ្មីៗ រួមមានការគំរាមកំហែងតាមអ៊ីនធឺណិត និងបណ្តាញសង្គម រហូតដល់ការការពារអត្តសញ្ញាណឌីជីថល។

 

នៅប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយុទ្ធនាការនេះចាប់តាំងពីឆ្នាំ២០១៩។ ជារៀងរាល់ឆ្នាំ យើងពង្រឹងការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារកុមារតាមអនឡាញ។

 

ការប្រារព្ធយុទ្ធនាការ ត្រូវបានរំពឹងថា នឹងជួយឱ្យមានកំណើននៃការយល់ដឹងក្នងចំណោមកុមារ និងយុវជន អំពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ, ភាពជាដៃគូកាន់តែរឹងមាំ រវាងរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ក្រុមហ៊ុនបច្ចេកវិទ្យា និងអង្គការសង្គមស៊ីវិល, កំណើននៃធនធានចំណេះដឹងដ៏មានសារៈសំខាន់សម្រាប់គ្រួសារ និងសាលារៀនក្នុងការគាំទ្រការ,ប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។

 

យុទ្ធនាការនេះ ក៏រំពឹងថា នឹងធ្វើឱ្យការសន្ទនាលើបញ្ហានេះ កាន់តែបើកចំហ រវាងមនុស្សពេញវ័យ និងកុមារអំពីបទពិសោធន៍ និងកង្វល់អនឡាញ។ បន្ថែមពីលើនោះ គោលនយោបាយកាន់តែរឹងមាំសម្រាប់ជំរុញវិធានការការពារកុមារនៅក្នុងពិភពឌីជីថលរបស់កម្ពុជា។

 

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE បានលើកឡើងក្នុងចំណាប់អារម្មណ៍ថា «នៅក្នុងថ្ងៃនេះ ប្អូនៗមិនមែនត្រឹមជាអ្នកទទួលផលពីយុទ្ធនាការនេះប៉ុណ្ណោះទេ ប្អូនៗគឺជាដៃគូ និងជាអ្នកដឹកនាំនាពេលអនាគតសម្រាប់សុវត្ថិភាពឌីជីថល។ … ពិភពឌីជីថលផ្ដល់ឱ្យយើងនូវឱកាសដ៏ពិសេសមិនធ្លាប់មាន។ ប្អូនៗអាចរុករក និងចូលប្រើប្រាស់ធនធានចំណេះដឹងដ៏សម្បូរបែប។ ប្អូនៗអាចតភ្ជាប់ជាមួយអ្នកដទៃ នៅទូទាំងពិភពលោក។ ប្អូនៗអាចបង្ហាញគំនិតច្នៃប្រឌិតរបស់ខ្លួន និងចែករំលែកវាជាមួយអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរាប់លាននាក់។ ប៉ុន្តែជាមួយឱកាសទាំងនេះ បច្ចេកវិទ្យាអ៊ីនធឺណិតក៏អាចបង្កហានិភ័យដែលត្រូវប្រុងប្រយ័ត្នខ្លាំងផងដែរ»។

 

លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ការបង្កើតបរិយា កាសឌីជីថលឱ្យកាន់តែមានសុវត្ថិភាពតម្រូវឱ្យមានសកម្មភាពរួមគ្នាពីច្រើនភាគី។

 

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា «អ្នកប្រើប្រាស់អ៊ីនធឺណិត ជាពិសេសកុមារ និងយុវវ័យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសុវត្ថិភាពខ្លួន។ យើងសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយនៅតាមសាលារៀន និងសហគមន៍នានា ដើម្បីបង្កើតបរិយាកាសឌីជីថលដែលកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នា»។

 

សូមបញ្ជាក់ថា យុទ្ធនាការឆ្នាំ២០២៦ ទទួលបានការគាំទ្រពីមូលនិធិ CBRD ក្រុមហ៊ុន Smart Axiata អង្គការ Mission Alliance មូលនិធិ Bread for the World អង្គការ ChildFund Cambodia អង្គការ Hagar អង្គការ AusCam អង្គការ Maric និងអង្គការម្លប់តាប៉ាង។ ភាពជាដៃគូរបស់ពួកគេបង្ហាញថា ការការពារកុមារតាមអនឡាញតម្រូវឱ្យមានកិច្ចសហការគ្នាពីគ្រប់វិស័យ៕

Leave a Reply

Your email address will not be published. Required fields are marked *