ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តការពារ និងបង្ក្រាបធនធានធម្មជាតិសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់, បុគ្គល៤នាក់ ក្នុងនោះមានមេភូមិម្នាក់ កំពុងរត់គេចខ្លួនរឿងលួចឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់លែង

(កំពង់ឆ្នាំង)៖ លោកកិតិ្តនិតិកោសលបណ្ឌិត ឱម យ៉ិនទៀ ង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តការពារ និងបង្ក្រាបធនធានធម្មជាតិសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់។

 

លោកស្នើបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន និងអង្គភាពស្ថាប័ននៅទូទាំងខេត្តកំពង់ឆ្នាំង។ ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ចនិងនីតិរដ្ឋនៅ ក្នុងការដឹកនាំនិងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រផងដែរ។

 

ច្បាប់នេះដែរ មានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ហើយដោយមានការចូលរួមនិងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្ត ក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត។

 

ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយខាងលើនេះ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី បានលើកឡើងថា លោកមានការរំភើបចិត្តនិងសប្បាយចិត្តយ៉ាងពន់ពេកដែលបានឃើញខេត្តកំពង់ឆ្នាំងមានការរីកចម្រើនយ៉ាងធំធេង ថ្វីត្បិតនៅមានការខ្វះខាតបន្តិចបន្តួច តែថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត មានឆន្ទៈក្នុងការដោះស្រាយបញ្ចប់នូវរាល់បញ្ហាផ្សេងៗដោយមិនទុកឲ្យនៅសេសសល់នោះឡើយ។

 

លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការដែលលោកបណ្ឌិតអញ្ជើញមកខេត្តកំពង់ឆ្នាំងនាថ្ងៃនេះ គឺមានគោលបំណងជួបប្រជាពលរដ្ឋជាច្រើនកន្លែងដោយឃើញថា បេះដូងរបស់ប្រជាពលរដ្ឋកំពុងតែឲ្យពិន្ទុមកដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានការដឹកនាំបម្រើដល់ប្រជាពលរដ្ឋបានល្អច្រើន។ ទន្ទឹមនេះថ្នាក់ដឹកនាំខេត្ត និងស្ថាប័នផ្សេងៗនៅក្នុងខេត្តបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតនៅលើច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ផ្សេងៗ ក៏ដូចជាសភាពការណ៍ប្រទេសជាតិ ពិសេសគោលការណ៍ដែលរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តចំពោះការងារបង្ក្រាបល្បែង អនឡាញស្គេម (Online Scam) និងគ្រឿងញៀន ទាំងនេះជាកិត្តិយសប្រទេសជាតិ និងជាសុភមង្គលរបស់ប្រជាពលរដ្ឋយើងផងដែរ។

 

លោកបណ្ឌិតទេសរដ្ឋមន្ត្រីបានលើកឡើងទៀតថា ពាក់ព័ន្ធករណីការការពារធនធានធម្មជាតិក្នុងបឹងទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានខិតខំយកចិត្តទុកដាក់ការពារ។ ជាក់ស្ដែងថ្មីៗនេះមានជនល្មើសលួចចូលឈូសឆាយបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋនៅស្រុកកំពង់លែងក៏ត្រូវបានអាជ្ញាធរខេត្តបង្ក្រាបបានទាន់ពេលវេលា និងបានកសាងសំណុំរឿងបញ្ជូនជនល្មើសទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលករណីនេះជាភស្តុតាងមួយក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។

 

ដោយសារដីតំបន់៣ គឺជាដីព្រៃលិចទឹកដែលរដ្ឋត្រូវការពារជាដាច់ខាត ព្រោះអីពលរដ្ឋអាចទទួលផលពីដីព្រៃលិចទឹកប្រមាណពី១០ទៅ២០គ្រួសារតែប៉ុណ្ណោះ តែត្រូវបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ១៧លាននាក់ ដែលត្រូវការទទួលទានត្រីពីបឹងទន្លេសាបនេះ។

 

លោកថា ហេតុនេះហើយ រដ្ឋត្រូវមានកាតព្វកិច្ចក្នុងការការពារជាដាច់ខាត។ ដូច្នេះអាជ្ញាធរខេត្ត អាជ្ញាធរស្រុក-ភូមិ-ឃុំ មន្ត្រីនគរបាលយុត្តិធម៌ គឺមន្ត្រីជលផល រួមស្ថាប័នតុលាការទទួលតួនា ទីដើម្បីការពារថែរក្សា បើមានករណីទន្ទ្រានដីព្រៃលិចទឹកត្រូវកសាងសំណុំរឿងទៅតាមនីតិវិធី។ ករណីបើរកឃើញក្រៅពីបទល្មើសជលផល ដោយមានពាក់ព័ន្ធនឹងបទល្មើសពុករលួយ តុលាការនិង អភិបាលខេត្ត ត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយបន្តនីតិវិធី។

 

លោកបណ្ឌិតទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹក (តំបន់៣) នៅស្រុកកំពង់លែងថ្មីៗនេះ ក្រៅពីបុគ្គល២នាក់ដែលឃាត់ខ្លួនហើយនោះ នៅមានជាប់ពាក់ព័ន្ធមនុស្សចំនួន៤នាក់ទៀត ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន ក្នុងនោះក៏មានលោកមេភូមិម្នាក់ផងដែរ។

 

លោកបណ្ឌិតទេសរដ្ឋមន្ត្រីសុំផ្ដាំថា ឲ្យសាកល្បងរសជាតិការរត់គេចខ្លួនមើលចុះមិនយូរនោះទេ នឹងមកសុំចូលខ្លួនអនុវត្តទោសវិញជាក់ជាមិនខានឡើយ ព្រោះករណីនេះលោកបណ្ឌិតទេសរដ្ឋមន្ត្រីធ្លាប់ជួបជាច្រើនករណីមកហើយ។ ការរត់គេចខ្លួននេះមិនស្រួលនោះទេគឺវេទនាណាស់។ កុកអាចភ្លេចជុងបាន តែជុងមិនភ្លេចកុកនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *