សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, បើគិតមកដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០,៤៤៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៩៩០នាក់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន១០ ហើយបើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០,៤៤៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៩៩០នាក់»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស, ការអប់រំ, ការលើកកម្ពស់សុខភាព, សុខុមាលភាពសង្គម, ការបង្កើតឱកាស និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការអភិវឌ្ឍជាតិ។ យើងជឿជាក់ថាក្មេងស្រីម្នាក់ដែលទទួលបានការអប់រំល្អ, មានសុវត្ថិភាព, មានទំនុកចិត្តលើខ្លួនឯងនឹងមានឱកាសចូលរួមក្នុងសង្គម មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចជួយផ្លាស់ប្ដូរគ្រួសាររបស់គាត់, សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ចលនាកាយឫទ្ធិនារីមានតួនាទីសំខាន់ណាស់ ដែលមិនត្រឹមតែជាកម្មវិធីបង្ហាញពីសកម្មភាពរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបណ្តុះបណ្តាលវិន័យ, ភាពជាអ្នកដឹកនាំ, ស្មារតីចូលរួមស្ម័គ្រចិត្ត, ការធ្វើការងារជាក្រុម, ផ្នត់គំនិតនៃការទទួលខុសត្រូវ, មានសេចក្តីក្លាហាន និងសេចក្តីមេត្តាក្នុងការបម្រើសង្គម។

ចលនានេះក៏បានបង្ហាញថា ភាពជាអ្នកដឹកនាំអាចចាប់ផ្តើមពីសកម្មភាពតូចៗមានដូចការជួយមិត្តភក្តិ, ការគោរពវិន័យ, ការបម្រើសហគមន៍, ការការពារបរិស្ថាន, ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខដុមរមនា ក្នុងសហគមន៍ សកម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងធ្វើបន្តបន្ទាប់ អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់សង្គមទាំងមូល។ ពីក្មេងស្រីដែលចូលរួមបម្រើសង្គម រហូតដល់ស្ត្រីដែលឈានមុខក្នុងភាពជាអ្នកដឹកនាំ, ការលើកកម្ពស់ស្រ្តី ជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារៈសំខាន់ថា «ក្មេងស្រី និង យុវនារី មិនមែនជាអ្នកអង្គុយរង់ចាំអនាគតទេ» ហើយយើងក៏ចង់បញ្ជាក់ផងដែរថា «ក្មេងស្រី និងយុវនារី គឺជាអ្នកចូលរួមសាងអនាគត ចាប់ពីថ្ងៃនេះតទៅ»៕

Leave a Reply

Your email address will not be published. Required fields are marked *