
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន រៀបចំ «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលកំណើនសកល។
ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។
កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា» ដោយយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖
* ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត
ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់»។
* នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធ
អេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម»
* សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍»
* ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និង
វិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»៕