ក្រសួងរ៉ែ និងថាមពល អនុញ្ញាតផ្ដល់កូតា៣០មេហ្កាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជាសម្រាប់ផ្ដល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពលបានអនុញ្ញាតផ្តល់កូតា ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលមានទំហំសរុប ៣០ មេហ្គាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦។នេះបើយោងតាមប្រកាសស្តីពីការកំណត់ទំហំកូតានៃថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ របស់ក្រសួង រ៉ែ និងថាមពល ដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

 

ការអនុញ្ញាតនេះស្របតាមប្រកាសលេខ០៣១២ រថ.បគអថ.ប្រក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់បច្ចុប្បន្នភាពគោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

 

ក្រសួង រ៉ែ និងថាមពល បានបញ្ជាក់ថា អ្នកប្រើប្រាស់អគ្គិសនីដែលអាចទទួលបានកូតាអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូលនៅកម្ពុជាបាន លុះត្រាតែអ្នកប្រើប្រាស់អគ្គិសនីទាំងនោះបានបំពេញបែបបទស្នើសុំ និង ទទួលបានការអនុញ្ញាតស្របតាមបទប្បញ្ញត្តិ នីតិវិធី និងគោលការណ៍ដែលកំណត់ដោយ អាជ្ញាធរអគ្គិសនីកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *