
(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយសាកលវិទ្យាល័យ Limoges នៃប្រទេសបារាំង នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលការសិក្សាឆ្នាំទី១ នៃគម្រោងសិក្សាស្រាវជ្រាវ «គំរូផែនការ គ្រប់គ្រងការព្យាបាលថែទាំដោយឱសថលើអ្នកជំងឺរ៉ាំរ៉ៃ ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម និងគម្រោងដាក់អនុវត្តនៅកម្ពុជា» ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យរង វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។
ពិធីនេះបានធ្វើឡើងនៅសាលសន្នីសីទអគារតេជោសន្តិភាព ជាន់ទី៨ ដែលមានការអញ្ជើញចូលរួមពី Monsieur le Professeur JOST Jérémy, éminent professeur en pharmacie clinique, សាស្ត្រាចារ្យ ទីប្រឹក្សា ប្រធានផ្នែក អ៊ុយនីតេ វេជ្ជបណ្ឌិតឯកទេស នាយសាល និងជំនួយការ និងនិស្សិតនៃមហាវិទ្យាឱសថសាស្ត្រជាច្រើនរូប។
លោកសាស្ត្រាចារ្យរង វូ សុភៈរស្មី បានថ្លែងថា គម្រោងសិក្សាស្រាវជ្រាវនេះ ត្រូវបានដាក់ឱ្យអនុវត្តកាលពីដើមឆ្នាំ២០២៥កន្លងទៅ ហើយនៅថ្ងៃនេះ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយលទ្ធផលការសិក្សារយៈពេល១ឆ្នាំរបស់ខ្លួន ជូនដល់អ្នកជំនាញពាក់ព័ន្ធ សម្រាប់យកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលប្រសើរជាងមុន។
ក្នុងឱកាសលោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាកលវិទ្យាល័យ និងអ្នកជំនាញទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានខិតខំអនុវត្តគម្រោងសិក្សាឱ្យទទួលបានជោគជ័យក្នុងឆ្នាំទី១ ដើម្បីជាគ្រឹះសម្រាប់បន្តការអនុវត្តការស្រាវជ្រាវនៅឆ្នាំទី២បន្តទៀត។
ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត លោកបានគូសបញ្ជាក់ថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសិក្សាស្រាវជ្រាវនេះ និងសូមជំរុញឱ្យក្រុមការងារបន្តការអនុវត្តការសិក្សានេះបន្ថែមឱ្យបានច្រើនទៅលើប្រភេទជំងឺរ៉ាំរ៉ៃ (ក្នុងនោះក៏មានជំងឺទឹកនោមផ្អែមផងដែរ) ដែលកំពុងមានការកើនឡើងក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងសាកលលោកនាពេលបច្ចុប្បន្ន»។
តាមរយៈការកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញពាក់ព័ន្ធទាំងអស់នាពេលនេះ លោលសង្ឃឹមថានៅពេលដែលការអនុវត្តគម្រោងបានជោគជ័យ វានឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយការចំណាយសម្រាប់ការព្យាបាលដែលមិនចាំបាច់ ជួយលើកកម្ពស់ការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវទៅកាន់អ្នកជំងឺ ស្របតាមគោលការណ៍នៃការប្រើប្រាស់ឱសថ ជួយលើកកម្ពស់គុណភាពជីវិតអ្នកជំងឺ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើវិស័យសុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះ លោកសូមលើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ទាំងឱសថបណ្ឌិត ឱសថការី វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក ក៏ដូចជានិស្សិតផ្នែកឱសថសាស្ត្រ សូមបន្តរួបរួមគ្នាអភិវឌ្ឍន៍ និងអនុវត្តការងារស្រាវជ្រាវរបស់យើងលើវិស័យវេជ្ជសាស្ដ្រឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវផែនការឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកលនាពេលអនាគត។
សូមជម្រាបថា គម្រោងសិក្សាស្រាវជ្រាវអំពី «គំរូការអន្តរាគមន៍លើការថែទាំព្យាបាលដោយប្រើឱសថសម្រាប់អ្នកជំងឺរ៉ាំរ៉ៃ ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ដោយដាក់អោយ អនុវត្តនៅប្រទេសកម្ពុជា» នេះ ត្រូវបានអនុញ្ញាតអោយចាប់ផ្តើមការសិក្សានៅ ថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលការសិក្សាស្រាវជ្រាវនេះ មន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយសាកលវិទ្យាល័យ Limoges ប្រទេសបារាំង ដែលធ្វើការស្វែងយល់ពីស្ថានភាពនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីបង្កើតបានជាគំរូអន្តរាគមន៍មួយ ដែលអាចជួយឲ្យវិស័យសុខាភិបាល ជាពិសេសគឺការថែទាំដោយប្រើប្រាស់ឱសថ សម្រាប់អ្នកជំងឺរ៉ាំរ៉ៃ រឹតតែមានភាពល្អប្រសើរ។ ក្នុងនោះគឺមានក្រុមការងារជំនាញៗច្រើនរូប ដែលបានចូលរួមនៅក្នុងគម្រោងសិក្សាស្រាវជ្រាវនេះ រួមមានលោកសាស្រ្តាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត៕