
ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ានេ គ្រុប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Lao Pharmaceutical & Allied Group (LAPG) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា (JVA) ក្នុងសមាមាត្រ ៥០/៥០ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើតក្រុមហ៊ុន ផាន់ថាមិត្ត (PHANNTHAMIT) ដែលជាក្រុមហ៊ុនចែកចាយឱសថ និងផលិតផលថែទាំសុខភាពថ្មីមួយ នៅក្នុងប្រទេសកម្ពុជា។
ការចុះហត្ថលេខានេះ គឺជាការកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនរវាងកម្ពុជា និងឡាវ ព្រមទាំងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី ថែទាំសុខភាពរបស់កម្ពុជា តាមរយៈភាពជាដៃគូរយៈពេលវែង ដែលផ្តោតលើការផ្គត់ផ្គង់ប្រកបដោយទំនុកចិត្ត ការអនុលោមតាមបទប្បញ្ញត្តិ និងលទ្ធភាពទទួលបានឱសថ ដែលមានគុណភាពនៅទូទាំងប្រទេស។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមជាសាក្សីពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ រួមមានតំណាងមកពី នាយកដ្ឋានឱសថ និងចំណីអាហារ (DDF) នៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ប្រធានសមាគម ឱសថស្ថានកម្ពុជា ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃការអនុលោមតាមច្បាប់ ស្តង់ដារវិជ្ជាជីវៈ និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវនៃទីផ្សារឱសថកម្ពុជា។
ក្រុមហ៊ុន ផាន់ថាមិត្ត ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាយុទ្ធសាស្ត្រកម្ពុជា-ឡាវ ដោយមានបេសកកម្មក្នុងការកែលម្អលទ្ធភាពទទួលបានឱសថដែលមានសុវត្ថិភាព គុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីបម្រើដល់រាជធានីភ្នំពេញ និងខេត្តទាំង ២៥ នៃប្រទេសកម្ពុជា។ ក្រុមហ៊ុនរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅកំឡុងខែមីនា ឬខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការរៀបចំផ្នែកបទប្បញ្ញត្តិសំខាន់ៗ រួមមានការចុះបញ្ជីផលិតផល ការរចនាការវេចខ្ចប់ឡើងវិញ ការអនុលោមតាមប្រព័ន្ធបាកូដ និងខិត្តប័ណ្ណព័ត៌មានអ្នកជំងឺជាពីរភាសា។
ដៃគូផលិត និងបច្ចេកវិទ្យាដ៏រឹងមាំ៖ LAPG ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតឱសថដ៏ធំមួយនៅក្នុងតំបន់ ដែលបំពាក់ដោយបច្ចេកវិទ្យាឱសថទំនើប ពីប្រទេសអាល្លឺម៉ង់ និងប្រតិបត្តិការ តាមរយៈភាពជាដៃគូបណ្តាក់ទុនរួមគ្នា ជាមួយប្រទេសកាណាដា ស្របតាមស្តង់ដារគុណភាពអន្តរជាតិ។ LAPG បានវិនិយោគប្រមាណ ១៥០ លានដុល្លារអាមេរិក លើរោងចក្រឱសថចំនួន ៤ ដែលគាំទ្រដល់សមត្ថភាពផលិតទ្រង់ទ្រាយធំ ប្រព័ន្ធកម្រិតខ្ពស់ និងការធានាគុណភាព។
ការបណ្តាក់ទុនរួមគ្នានេះ រួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ សមត្ថភាពចែកចាយ និងបណ្តាញទំនាក់ទំនងផ្នែកបទប្បញ្ញត្តិរបស់ក្រុមហ៊ុន ម៉ានេ គ្រុប នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងជំនាញផលិត សមត្ថភាពផ្គត់ផ្គង់ផលិតផល និងចំណេះដឹងបច្ចេកទេសរបស់ LAPG។ ផាន់ថាមិត្ត នឹងផ្តោតជាដំបូងលើឱសថទូទៅចាំបាច់ (Generics) និងឱសថសម្រាប់មន្ទីរពេទ្យ ដែលគាំទ្រដោយប្រព័ន្ធធានាគុណភាព ឯកសារយោង និងប្រព័ន្ធអនុលោមភាពដ៏មានរចនាសម្ព័ន្ធត្រឹមត្រូវ។
ចក្ខុវិស័យពង្រីកខ្លួនរយៈពេលវែង៖ រោងចក្រ គ្លីនិកកោសិកាដើម(ស្ទីមសែល) និងមន្ទីរពេទ្យអន្តរជាតិ ជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្ររយៈពេលវែង ក្រុមហ៊ុន ម៉ានេ គ្រុប និង LAPG ក៏បានឯកភាពគ្នាក្នុងការសិក្សា និងត្រៀមខ្លួនសម្រាប់ការបង្កើត រោងចក្រឱសថ ផាន់ថាមិត្តនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្អែកលើការសិក្សាលទ្ធភាព តម្រូវការផ្នែកច្បាប់ និងផែនការវិនិយោគ។ លើសពីនេះ ភាគីទាំងពីរក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍ គ្លីនិកកោសិកាដើម ផាន់ថាមិត្ត និង មន្ទីរពេទ្យអន្តរជាតិ ដើម្បីគាំទ្រដល់តម្រូវការសេវាថែទាំសុខភាពកម្រិតខ្ពស់ដែលកំពុងកើនឡើងនៅកម្ពុជា។
ការកសាងម៉ាកយីហោក្នុងស្រុក ដើម្បីពង្រីកទៅកាន់អាស៊ាន៖ ក្រុមហ៊ុន ផាន់ថាមិត្ត នឹងប្រកាន់យកគំរូចែកចាយដែលផ្តល់អាទិភាពដល់ឱសថស្ថាន (Pharmacy-first model) ដោយបម្រើឱសថស្ថានលក់រាយ និងបណ្តាញឱសថស្ថានជាច្រកចម្បង ព្រមទាំងពង្រីកទៅកាន់មន្ទីរពេទ្យ និងគ្លីនិកនានា តាមរយៈសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារឯកសារសម្រាប់ស្ថាប័ន។
ដៃគូបណ្តាក់ទុនរួមគ្នា ក៏បានឯកភាពគ្នាក្នុងការកំណត់ទីតាំង ផាន់ថាមិត្ត ជាម៉ាកយីហោក្នុងស្រុកដែលមានមូលដ្ឋាននៅកម្ពុជា ជាមួយនឹងមហិច្ឆតាក្នុងតំបន់អាស៊ាន ដោយមានផែនការណ៍ពង្រីកទីផ្សារនៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុលោមភាពដ៏រឹងមាំ ការផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងម៉ាកយីហោដែលមានទំនុកចិត្ត។
តំណាងក្រុមហ៊ុន ម៉ានេ គ្រុប បានថ្លែងថា «យើងមានមោទកភាព ក្នុងការបង្កើតការបណ្តាក់ទុនរួមគ្នាជាយុទ្ធសាស្ត្រ ៥០/៥០ នេះជាមួយ LAPG។ ផាន់ថាមិត្ត នឹងត្រូវកសាងឡើង លើមូលដ្ឋាននៃទំនុកចិត្ត ការអនុលោមតាមច្បាប់ និងភាពជាដៃគូរយៈពេលវែង ដើម្បីគាំទ្រដល់ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា និងធានាបាននូវលទ្ធភាពទទួលបានឱសថដែលមានគុណភាពនៅទូទាំងប្រទេស»។