សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមត្ថកិច្ចដែលលាក់បាំងជនបរទេសឲ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ និងអនុវត្តទោសព្រហ្មទណ្ឌ, ខណៈម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់

 

ភ្នំពេញ)៖ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានកំណត់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

 

អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ក៏បានកំណត់ដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

 

ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅ បណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោង យ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។

 

ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ មុននឹងអនុញ្ញាតឲ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឲ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅ ស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មិនត្រូវអនុញ្ញាតឲ្យជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ។

 

សូមជម្រាបថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានបង្កើតឡើងដើម្បីធានាសន្ដិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *