
ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការពន្យារកាលបរិច្ឆេទដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា «អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ ចំណេញមូលធនផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត។ ចំពោះពន្ធលើចំណេញមូលធន ដែលសម្រេចបានពីការលក់ឬផ្ទេរ អចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។
ដោយឡែក ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕