ប្រជាជនភៀសសឹកមកពីតំបន់បឹងត្រកួន អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែង ដែលយោធាថៃបានព័ទ្ធយក ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ

បន្ទាយមានជ័យ)៖ ប្រជាជនភៀសសឹកមកពីតំបន់បឹងត្រកួន ជាង ១៥០០ គ្រួសារ បានបង្ខំចិត្តបម្លាស់ទីទៅកាន់ជម្រកសុវត្ថិភាពជាច្រើនលើក ដើម្បីគេចផុតពីគ្រោះថ្នាក់នៃគ្រាប់កាំភ្លើង និងគ្រាប់បែក ដែលយោធាថៃបានប្រើប្រាស់បាញ់ និងទម្លាក់មកលើលំនៅដ្ឋានរបស់ជនស៊ីវិល។

 

ថ្លែងទាំងអួលដើមក លោកយាយ ថន ប្រជាពលរដ្ឋរស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ពីផលលំបាកជាច្រើន ដែលបានកើតឡើងដោយសារសកម្មភាពរបស់យោធាថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មក។

 

លោកយាយ បានសម្ដែងនូវការឈឺចាប់យ៉ាងខ្លាំង ដោយអះអាងថា ពេញមួយជីវិត លោកយាយទើបតែរស់នៅក្រោមសុខសន្តិភាពបានមិនយូរប៉ុន្មានឆ្នាំផង ក៏ត្រូវបង្ខំចិត្តរត់ភៀសខ្លួនជាថ្មីម្តងទៀត។

 

ក្នុងវ័យ ៧៧ ឆ្នាំ លោកយាយ ប៉ងប្រាថ្នាចង់រស់នៅក្រោមសុខសន្តិភាពដូចកាលពីមុនវិញ ហើយសូមអំពាវនាវដល់អង្គការអន្តរជាតិ មេត្តាជួយស្វែងរកយុត្តិធម៌ និងដំណោះស្រាយសមរម្យ សម្រាប់ប្រទេសជាតិដ៏កំព្រាមួយនេះ។

 

ដោយឡែក លោកស្រី សេង សារឿម ប្រជាពលរដ្ឋរស់នៅភូមិសាមគ្គីដូចគ្នា បានលើកឡើងប្រហាក់ប្រហែលនឹងលោកយាយ ថន ផងដែរ ដោយបានបញ្ជាក់ថា «ការលំបាកពិតជាមាន ព្រោះនៅទីនេះយើងរស់នៅជាមួយគ្នាច្រើន តែងតែខ្វះខាតជៀសមិនរួច ប៉ុន្តែយើងត្រូវតែអត់ធ្មត់»។

 

លោកស្រី បានបន្ថែមទៀតទាំងទឹកមុខរឹងមាំថា «កម្ពុជាមិនដែលទៅបំពានប្រទេសណាមុនឡើយ កម្ពុជាចង់បានតែសុខសន្តិភាព»។ ជាមួយគ្នានេះ លោកស្រី បានអំពាវនាវឱ្យអង្គការអន្តរជាតិ ជួយដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែងឱ្យប្រជាជនកម្ពុជា ព្រមទាំងជួយកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសបញ្ហាដដែលៗកើតឡើងនាពេលអនាគត។

 

នៅក្នុងជំរំជនភៀសសឹកមកពីតំបន់បឹងត្រកួននេះ មានប្រជាជនស្នាក់នៅជាច្រើន ដែលធ្វើឱ្យបញ្ហាសណ្ដាប់ធ្នាប់ និងអនាម័យ ក្លាយជាកត្តាសំខាន់មួយ ដែលមិនអាចមើលរំលងបាន។ ដោយឡែក រដ្ឋបាលខេត្ត បានរៀបចំមណ្ឌលសុខភាពចល័តចំនួន ២ កន្លែង សម្រាប់ផ្តល់សេវាព្យាបាលជំងឺជូនដល់ជនភៀសសឹក។

 

បើតាមលោកប្រធានមណ្ឌលសុខភាពបឹងត្រកួន បានប្រាប់ Fresh News ថា អាការៈជំងឺភាគច្រើនរបស់អ្នកជំងឺ គឺពាក់ព័ន្ធនឹងបញ្ហាពោះវៀន និងជំងឺផ្តាសាយជាដើម។ ជារៀងរាល់ថ្ងៃ មានអ្នកជំងឺចន្លោះពី ១០ នាក់ ទៅ ៣០ នាក់ អាស្រ័យទៅតាមស្ថានភាពអាកាសធាតុ ខណៈក្រុមគ្រូពេទ្យនៅទីនេះ បានប្រចាំការពេញ ២៤/៧ ដើម្បីអន្តរាគមន៍ និងព្យាបាលអ្នកជំងឺឱ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *