
ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន ដើម្បីលើកទឹកចិត្ត និងគាំទ្រការធ្វើសេចក្តីរាយការណ៍ បទយកការណ៍ និងផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា នៅតាមតំបន់ព្រំដែន។
គិតសរុបទាំងពីរលើក ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាព ដល់អ្នកសារព័ត៌មានចំនួនជិត១០០ឈុត ដើម្បីជួយការពារសុវត្ថិភាព ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។ អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។
ក.អ.ក មើលឃើញថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះនៅតែមិនទាន់បានគ្រប់ចំនួន អ្នកសារព័ត៌មានដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែង ងាយរងគ្រោះនោះឡើយ។ ប៉ុន្តែ ក.អ.ក នឹងខិតខំបន្តស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀតដើម្បីបំពេញតម្រូវការចាំបាច់ របស់អ្នកសារព័ត៌មាន។
ក.អ.ក កោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានខិតខំពុះពារការលំបាកធ្វើសេចក្តីរាយការណ៍ បទយកការណ៍ ផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលនោះមិនគ្រាន់តែបង្ហាញពីតួនាទីដ៏មានសារសំខាន់សម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង ឬកំណត់ ត្រាសម្រាប់ការស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្រ្តកម្ពុជាថែមទៀត។
បើតាម ក.អ.ក អ្នកសារព័ត៌មានដែលចុះយកព័ត៌មានក្នុងអំឡុងពេលមានសង្គ្រាម ត្រូវបានការពារដោយច្បាប់អន្តរជាតិថា ជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្តល់ព័ត៌មានដល់ ពិភពលោកឱ្យដឹងពីហេតុការណ៍ ដែលបានកើតឡើង និងកំពុងកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ ហើយក៏ត្រូវបានហាមមិនឱ្យផ្តល់ព័ត៌មាន ទាក់ទងនឹងលេណដ្ឋាន ការចល័តទ័ព ផ្តល់ព័ត៌មានបែបជាយុទ្ធសាស្រ្តទ័ព ឬបែបចារកម្ម និងព័ត៌មានទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់ជនស៊ីវិល។
ទន្ទឹមគ្នានេះ ក.អ.ក សូមថ្លែងអំណរគុណសប្បុរសជននានា ជាពិសេសដល់ក្រុមហ៊ុនបុរីប៉េងហួត ដែលបានឧបត្ថម្ភ អាវក្រោះ មួកសុវត្ថិភាព និង Power Bank ដែលជាការគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជា នៅក្នុងបេសកកម្ម យកព័ត៌មាននៅតាមទីកន្លែងនានា។
សូមជម្រាបថា រយៈពេល២១ថ្ងៃ នៃការវាយប្រហារដោយទាហានថែមកលើកម្ពុជាបានធ្វើឲ្យជនស៊ីវិលស្លាប់៣២នាក់ និងរងរបួស ៩៥នាក់ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ ខណៈជនភៀសសឹកសរុបមានជាង ៦៤០.០០០នាក់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕