សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា តម្រូវការរថយន្ដអគ្គិសនីកើនឡើង អំឡុងពេលប្រេងឡើងថ្លៃ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានកត់សម្គាល់ឃើញថា តម្រូវការរថយន្តអគ្គិសនី (EV) កំពុងកើនឡើង ក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។

 

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវក្រុមហ៊ុន EV ពីដើមអណ្ណត្តិដូចមានប៉ុន្មាន ឥឡូវមានប៉ុន្មានក្រុមហ៊ុន ហើយមួយរយៈពេលប្រេងឡើងថ្លៃនេះ ឡាន EV ដូចលក់ដាច់ច្រើន»។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធរួចហើយ ប៉ុន្តែអ្វីសំខាន់គឺការជំរុញការផលិតក្នុងស្រុក។ ទោះបីម៉ាករថយន្តមកពីបរទេសក៏ដោយ ប៉ុន្តែបើមកផលិតនៅកម្ពុជា អ្នកទទួលបានផលច្រើនគឺប្រជាពលរដ្ឋខ្មែរ។

 

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយពន្ធអាករ និងការលើកទឹកចិត្តមួយចំនួន ដើម្បីឲ្យការផលិតក្នុងស្រុកអាចប្រកួតប្រជែងជាមួយរថយន្តនាំចូល។ ជាពិសេសអាចឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីក្នុងតម្លៃសមរម្យ។

 

បើតាមការបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ការបណ្ដុះបណ្ដាលធនធានមនុស្សមានសារៈសំខាន់ណាស់ ព្រោះនៅពេលវិនិយោគិនមកបើករោងចក្រនៅកម្ពុជា ត្រូវការទាំងកម្មករផលិត និងជាងជួសជុលថែទាំ។ ជំនាញទាំងនេះ គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឧស្សាហកម្មជាតិ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា ជំហានបន្ទាប់គឺការផ្ទេរបច្ចេកវិទ្យា ដោយត្រូវទាក់ទាញវិនិយោគិនឲ្យមកវិនិយោគជាមុនសិន ពោលគឺប្រទេសជាច្រើនបានអនុវត្តគំរូនេះ ដោយដំបូងទាក់ទាញក្រុមហ៊ុនបរទេសមកផលិត មុននឹងអភិវឌ្ឍបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ខ្លួនឯងនៅពេលក្រោយ។

 

អ្នកប្រើប្រាស់ឡានអគ្គិសនីកំពុងចាប់អារម្មណ៍ខ្លាំងលើ Fresh AI ! ប្រសិនបើលោកអ្នកប្រើប្រាស់រថយន្ដអគ្គិសនី ចង់ដឹងអំពីទីតាំងសាកថាមពលរថយន្ដ អាចឆែកបានគ្រប់ទីតាំងតាមរយៈ Fresh AI ដែលមានមុខងារ EV Zone បង្ហាញគ្រប់ស្ថានីយសាកទាំងអស់នៅទូទាំងប្រទេសជាង២៣០កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *