
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោក Mesut Özcan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា និងសម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅដល់សន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងតួកគីយ៉េ គ្របដណ្តប់លើវិស័យជាច្រើន។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាផងដែរ។
ភាគីទាំងពីរ ក៏បានស្វាគមន៍លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរដែលបានរៀបចំឡើងកាលពីខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ។ ជាចុងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនលោកឯកអគ្គរដ្ឋទូតផងដែរ៕