
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់យកក្មេងទំនើងអុកឡុកសង្គម ទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីភាពពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឱ្យឯកឧត្តម កើត រិទ្ធ ឯកឧត្តម ស ថេត និងឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឱ្យខ្ញុំបន្តិចក្មេងៗទំនើង អាឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកខ្លះកែ ហើយខ្លះទៀត មិនកែ […] មិនចាំបាច់រុញទៅដល់ជួរមុខទេ ឱ្យគូរពីការប្រើប្រាស់ការអប់រំកម្រិតណា ដើម្បីភ្ជាប់បម្រើដល់សមរភូមិមុខ មិនចាំបាច់យកទៅកាន់កាំភ្លើងបាញ់នោះទេ យកទៅចាក់ពុម្ពលេណដ្ឋាន ជួយដល់កងវិស្វកម្មទៅ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅពេលអនុវត្តច្បាប់ ដោយទទួលការអប់រំ របស់សមត្ថកិច្ចចំពោះក្មេងទំនើង ដូច្នេះ ចៀសជាងដាក់នៅពន្ធនាគារអត់ធ្វើអី។ ត្រង់ចំណុចនេះនៅក្នុងដំណាក់កាលគ្រប់គ្រងពិសេសរបស់មន្ត្រីនគរបាលកន្លែងណាមួយសម្រាប់បម្រើការងារឱ្យសមរភូមិមុខ។
«អ៊ឹចឹងសុំឱ្យឯឧត្តម កើត រិទ្ធ ខាងច្បាប់ ជាមួយឯកឧត្តម ស ថេត និងឯកឧត្តម វង្ស ពិសេន រៀបចំជាក់ស្តែងតាមទម្ងន់ទោស យកទៅកន្លែងហ្នឹង កងវិស្វកម្ម) ចាក់ពុម្ពលេណដ្ឋាន ដើម្បីដឹកទៅជួរមុខ កុំឱ្យពិបាក។ សុំសិក្សាឱ្យលឿនព្រោះអីឡូវទាល់តែអ៊ឹចឹងខ្លះ មិនមែន២ ឬ៣ក្តគោ ជាការហាត់ប្រាណទេ ចាក់គម្របបេតុងលេណដ្ឋានជាការហាត់ប្រាណជាការល្អជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំធ្វើបែបនេះចំពោះក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងសង្គមជាតិ ដើម្បីឱ្យពួកគេដឹងថា កងទ័ព ដែលជាយុវជនដូចគ្នា ពួកគាត់កំពុងតែឈរជើងការពារទឹកដីប្រឈមនឹងការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ។ តែនៅពេលដែលខ្លួនមានឱកាស មានសេរីភាព ដើរហើរ ប៉ុន្តែ បែរជាដើរបង្កបញ្ហានៅក្នុងសង្គមទៅវិញ។ ដូច្នេះ ការធ្វើបែបនេះគឺជាការផ្សាភ្ជាប់គ្នារបស់យុវជនដូចគ្នា ចំពោះការលះបង់ ដើម្បីជាតិ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំបន្ថែមដល់អាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស បង្កើនសកម្មភាពបង្ក្រាបក្រុមក្មេងទំនើងនេះឱ្យកាន់តែសស្រាក់សស្រាំ និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ខណៈក្មេងទំនើងមួយចំនួនជាកូនមេភូមិ មេឃុំ និងមន្ត្រីរាជការមានតួនាទី ដែលយកតួនាទីឪពុក ម្តាយ ទៅបង្កបញ្ហាញឹកញាប់អាចនឹងប្រឈមនឹងការដកតួនាទី ឪពុក ម្តាយ ជាដើម។
រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់សកម្មភាពក្រុមក្មេងទំនើងក្នុងប្រទេស។ ជំហរដ៏ម៉ឹងម៉ាត់ តាមរយៈសកម្មភាពបង្ក្រាបដូចជាភ្លៀងរលឹម គឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីការចូលរួមរក្សាច្បាប់ និងសណ្តាប់ធ្នាប់ស្របតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។
ការបង្ក្រាបក្មេងទំនើង គឺជាកិច្ចការអាទិភាពមួយ ដាក់ចេញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានអំពើហិង្សាបង្កឡើងដោយក្រុមក្មេងទំនើង ដែលគេបានឃើញប្រើប្រាស់ដាវសាំមូរ៉ៃ កាប់ចាក់គ្នាប្រសេចប្រសាចបង្កឱ្យមានភាពភ័យខ្លាចដល់ពលរដ្ឋក្នុងសហគមន៍។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឪពុក ម្តាយ និងគ្រូបង្រៀន ហើយក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗធ្វើសកម្ម ភាពវាយប្រហារគ្នាក្នុងសហគមន៍បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន៕