លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលថវិកា ១,០០៩,៩៩៩ ដុល្លារ ពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា

Oplus_16908288

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលថវិកាចំនួន ១,០០៩,៩៩៩ ដុល្លារអាមេរិក ពីសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ សមាគមឧកញ៉ាកម្ពុជា តែងតែអំពាវនាវដល់សមាជិកទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា តាមរយៈសមាគមឧកញ៉ាកម្ពុជា ទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។ ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានសមាជិកចំនួន ៧៩រូប បានបរិច្ចាគថវិកាសរុបចំនួន ១,០០៩,៩៩៩ដុល្លារ ក្នុងនោះថវិកាផ្ទាល់របស់សមាគមឧកញ៉ាកម្ពុជាមានចំនួន ១១៧.៦១២ដុល្លារ។

ដោយឡែក ចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៦, នេះគឺជាលើកទី៥ហើយ ដែលសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលមានសមាជិកជាង ៤៣០រូប បានបរិច្ចាគ ស្មើនឹងថវិកាសរុបចំនួន ៦.៤៦០.២២០ដុល្លារ ក្នុងនោះថវិការបស់សមាគមផ្ទាល់ចំនួន ៣៥០.៨០២ដុល្លារ។

សម្រាប់ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយ ដែលកំពុងជួបការលំបាកគ្រប់រូបភាព៕

Leave a Reply

Your email address will not be published. Required fields are marked *