អ្នកនាំពាក្យក្រសួងការពារជាតិ៖ រយៈពេល ១៩ថ្ងៃ វីរកងទ័ព និងវីរនគរបាលកម្ពុជា ឈរជើងប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃការឈ្លានពានរបស់យោធា មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា កងកម្លាំងកម្ពុជា កំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទៅនឹងសត្រូវឈ្លានពាន យ៉ាងខ្លាំងក្លា ព្រមទាំងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារដែនអធិបតេយ្យរបស់ខ្លួន។

 

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

 

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

 

អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ម្តងហើយ ម្តងទៀតកងទ័ពថៃ តែងតែយកលេស និងប្រើប្រាស់ឧបាយកកល ដើម្បីលាក់កំបាំង ទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជាដ៏សាហាវឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16, នាវាចម្បាំង រថយន្តបាញ់រ៉ុកែត DTI-2, DTI-1G, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

 

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ទង្វើរបស់យោធាថៃ បានវាយប្រហារទាំងកំរោលលើគោលដៅស៉ីវិល ទីតាំងសម្បត្តិបេតិកភណ្ឌ វប្បធម៌របស់កម្ពុជា និងជាសម្បត្តិរបស់មនុស្សជាតិ ចំណុចនេះបានបញ្ជាក់ថាថៃ ជារដ្ឋដែលបំពានច្បាប់អន្តរជាតិ និងជារដ្ឋដែលបំផ្លាញសន្តិភាព សន្តិសុខ មិនត្រឹមតែរវាងកម្ពុជា ប៉ុណ្ណោះទេ។ ប៉ុន្តែ ប៉ះពាល់ដល់តំបន់ទាំងមូល ដើម្បីបម្រើដល់មហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសតូច និងខ្សោយជាខ្លួនប៉ុណ្ណោះ។

 

អ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យយោធាថៃ បញ្ឈប់ជាបន្ទាន់នូវទង្វើភូតភរកុហក បោកប្រាស់បំភ្លៃការពិត មិនចេះចប់ មិនចេះហើយដើម្បីតែបិទបាំងនូវសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា និងស្នើឱ្យឡប់មកធ្វើការ ដែលមានវិជ្ជាជីវៈ និងមានភាពថ្លៃថថ្នូរ ពីព្រោះគ្រប់ទង្វើរបស់យោធាថៃ គឺបានបង្ហាញយ៉ាងច្បាស់នូវចេតនារបស់ថៃ ក្នុងការរំលោភបំពាន និងការឈ្លានពានលើទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីរបស់ខ្លួន ដែលមិនមានការទទួលស្គាល់ជាអន្តរជាតិនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *