ក្រសួងមហាផ្ទៃ៖ គិតត្រឹមរសៀលថ្ងៃទី២៥ ខែធ្នូ ជនស៉ីវិលកម្ពុជា៣០នាក់ស្លាប់ និងរងរបួស៨៨នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៦៣ម៉ឺននាក់

ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្ដសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

 

ចំពោះផលប៉ះពាល់ដែលបង្កដោយអំពើឈ្លានពានរបស់ថៃនោះ រួមមាន៖

 

*១៖ ករណីពលរដ្ឋស្លាប់ និងរបួសថ្មី៖ របួសពលរដ្ឋ១នាក់ នៅខេត្តបន្ទាយមានជ័យ។ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៨នាក់។

 

*២៖ ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប ៦៣៩,៩៨៧នាក់ ក្នុងនោះស្ត្រី ៣៣៣,៦៣១នាក់ និងកុមារ២០៣,៥៩៣នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

 

*៣៖ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលថ្មី៖ ខូចខាតផ្ទះ១ខ្នង នៅខេត្តបន្ទាយមានជ័យ និង ផ្ទះ១ខ្នង នៅខេត្តបាត់ដំបង។ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះពលរដ្ឋ១២៦ខ្នង អគារឯកជន៦ទីតាំង អគារស្នាក់នៅ/សណ្ឋាគារ៥ទីតាំង ស្ថានីយ៍ប្រេង១ទីតាំង រថយន្ត២៧គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១កន្លែង អគារឃ្លាំងទំនិញ១កន្លែង បង្គោលអង់តែនទូរសព្ទ២កន្លែង។ ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ រួមមាន សាលារៀន៦កន្លែង មណ្ឌលសុខភាព២កន្លែង អគារ១៣កន្លែង វត្ត៥កន្លែង សាលា ឆទាន១កន្លែង រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥កន្លែង ផ្សារ១កន្លែង និងផ្លូវ២កន្លែង។

 

មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមមានស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញ ផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ។ ជាងនេះទៅទៀត ការវាយបំផ្លាញ រូបសំណាកព្រះនារាយណ៍ លើដែនអធិបតេយ្យកម្ពុជាពីសំណាក់យោធាថៃ មិនត្រឹមតែបង្កើនការប៉ះទង្គិចផ្លូវចិត្ត ធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យសាធារណមតិអន្តរជាតិ ជាពិសេសអ្នកមានជំនឿលើ សាសនាហិណ្ឌូលើពិភពលោក រួមទាំងថ្នាក់ដឹកនាំ និងពលរដ្ឋឥណ្ឌា ប្រតិកម្ម និងថ្កោលទោសផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *