
(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំ ឈ្មោះ ឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បើតាមសេចក្ដីរាយការណ៍ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីនៅទីតាំងប្រតិបត្តិការផ្ទាល់៕