
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំជារៀងរាល់ឆ្នាំ នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ។ តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា យើងនឹងរៀបចំព្រឹត្តិការណ៍នេះ ធំជាងឆ្នាំកន្លងទៅ នៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ខាងមុខនេះ។
លោក ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃ ខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ ហើយព្រឹត្តិការណ៍នេះ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ ធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ឡើយ គឺក្នុងគោលបំណងនាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ ជាមួយនិងការផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ការឈ្លានពានពីអ្នកជិតខាង ធ្វើឱ្យយើងមានស្មារតីសាមគ្គីភាពកាន់តែខ្លាំងឡើង។ ខ្មែរកាន់តែរួបរួម។ សេដ្ឋកិច្ចយើងរីកចំរើន វិស័យការពារជាតិយើងកាន់តែរឹងមាំ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំនេះ នឹងធ្វើឡើងនៅទីតាំងធំៗចំនួន ៣កន្លែង និងតូច ចំនួន៣កន្លែងទៀត ក្នុងនោះ ទីតាំងធំៗចំនួន៣កន្លែងនោះ រួមមាន៖
* ទី១៖ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
* ទី២៖ ផ្លូវថ្មើជើងចតុមុខ
* ទី៣៖ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។
ចំណែក៣កន្លែងតូចៗ ទី១៖ នៅសួនមុខវត្តបទុមវតី, ទី២៖ បាសាក់លែន នៅផ្លូវលេខ៣០៨ និងទី៣៖ នៅផ្លូវជុំវិញផ្សារទួលទំពូង ក្នុងខណ្ឌចំការមន៕