
ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដើម្បីថ្លែងអំណរគុណបារាំង ចំពោះការប្រឹងប្រែងឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។
ក្នុងអំឡុងកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។
ជាការឆ្លើយតប លោក Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
លោក ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំង ចំពោះរាល់កិច្ចខិតខំប្រឹងប្រែង ដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។
ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់៕