
ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាកាហ្គុឈិ ណោតុ (Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាព នៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី បានអរគុណចំពោះរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រជប៉ុន ដែលបានបានផ្តល់ការយកចិត្តទុកដាក់ និងរៀបចំយន្តការគាំទ្រចាំបាច់នានា ដល់កម្មសិក្សាការី និងពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។
ជាងនេះទៅទៀត កម្ពុជាសូមសម្តែងនូវការគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។
លោកបន្ដថា ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះ មានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញ ក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។
ជាការឆ្លើយតប លោក សាកាហ្គុឈិ ណោតុ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី និងបានសម្តែងការកោតសរសើរ ចំពោះវឌ្ឍនភាពនៃការគ្រប់គ្រងពលកររបស់កម្ពុជា។
លោកបានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន លោកនឹងខិតខំជួយកម្ពុជា ដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។
ក្នុងឱកាសនោះ លោកក៏បានចូលរួមសម្តែងការសោកស្តាយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិល ក៏ដូចជាការជម្លៀសពលរដ្ឋ ដែលនេះគឺជាការលំបាកនៃប្រទេសទាំងពីរ។ ជប៉ុនចង់ឃើញកម្ពុជា-ថៃ វិលទៅរកតុចរចា បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ។
លោកក៏បានសន្យាផងដែរថា នឹងនាំយកនូវសំណូមពរនានា ជាពិសេស កិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕