លោក ថងលូន ស៊ីសុលិត ផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សឡាវ-វៀតណាម-កម្ពុជា លើកទី៤ ដោយជោគជ័យ

(វៀងច័ន្ទ)៖ លោក ថងលូន ស៊ីសុលិត អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើសារលិខិតអំណរគុណគោរពជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ ចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី ឡាវ-កម្ពុជា លើកទី ១៦ និងកិច្ចជួបប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សទាំងបី ឡាវ-វៀតណាម-កម្ពុជា លើកទី៤ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់

 

បើតាមខ្លឹមសារលិខិតនោះ បានឱ្យដឹងដូច្នេះថា សម្ដេចតេជោ ហ៊ុន សែន ជាទីគោរព, ខ្ញុំព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បក្ស-រដ្ឋ ឡាវ បានធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីសម្រេចការធ្វើទស្សនកិច្ចផ្លូវរដ្ឋ ចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី ឡាវ-កម្ពុជា លើកទី ១៦ និងកិច្ចជួបប្រជុំ ថ្នាក់ដឹកនាំកំពូលគណបក្សទាំងបី ឡាវ-វៀតណាម-កម្ពុជា លើកទី៤ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

 

ក្នុងនាមគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងក្នុងនាមផ្ទាល់ខ្លួន ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះ ស្ម័គ្រ ចំពោះសម្តេច បណ្តាថ្នាក់ដឹកនាំ បក្ស រដ្ឋ និងប្រជាជនកម្ពុជាបងប្អូន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ សមរម្យ និងមានមេត្រីចិត្តមិត្តភាពដ៏ត្រជាក់ត្រជុំ សាមគ្គីភាពរាប់អានដ៏ស្និទ្ធស្នាលចំពោះខ្ញុំ និងគណៈប្រតិភូជាន់ ខ្ពស់ បក្ស រដ្ឋ សបប ឡាវ។

 

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដ៏ត្រចះត្រចង់នូវការធ្វើទស្សនកិច្ចផ្លូវរដ្ឋ កិច្ចប្រជុំកំពូលទ្វេភាគី ឡាវ-កម្ពុជា និងកិច្ចជួបប្រជុំកំពូលថ្នាក់ដឹកនាំប្រទេសទាំងបី ឡាវ-វៀតណាម-កម្ពុជា លើកនេះ ដែលជានិមិត្តសញ្ញា ដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំចំពោះការបង្កើនចំណងទាក់ទងមិត្តភាពជាប្របៃណី និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងឡាវ-កម្ពុជា ដ៏ដូចចំណងមិត្តភាព និង សាមគ្គីភាពដែលជាប្រពៃណីពីបរមបុរាណរវាងឡាវ-វៀតណាម-កម្ពុជា អោយកាន់តែជិតស្និទ្ធ អភិវឌ្ឍកាន់តែស៊ីជម្រៅ ដើម្បីព្រមកៀកស្មាគ្នាឆ្ពោះទៅកាន់យុគថ្មីនៃការអភិវឌ្ឍដ៏រឹងមាំ។

 

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ សូមជូនពរបវរសួស្តីចំពោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស-រដ្ឋកម្ពុជា មានសុខភាពល្អបរិបូរណ៍ មានផាសុកភាព និងទទួលបានជោគជ័យក្នុងការកិច្ចដ៏ឧត្តុង្គឧត្តម របស់សម្តេច និងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់គោលដៅដែលកំណត់ទុកយ៉ាងរឹងមាំ៕

Leave a Reply

Your email address will not be published. Required fields are marked *