
(ភ្នំពេញ)៖ លោក លី ជេម៉ាម្យុង (Lee Jae-myung) ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន។
ការប្តេជ្ញារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើឡើងតាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរំលេចជាភាសាកូរ៉េខាងត្បូង និងភាសាខ្មែរផងដែរ។
សារដែលរំលេចនៅលើហ្វេសប៊ុកនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាងលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះ ត្រូវបានបង្កើតឡើង។
លោកប្រធានាធិបតី បានគូសរំលេចថា សមិទ្ធផលនេះ អាចសម្រេចបានអាស្រ័យដោយមានឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលកូរ៉េខាងត្បូង និងមន្ត្រីនគរបាលកម្ពុជា។
ជាមួយការសម្រេចបានលទ្ធផលល្អប្រសើរលើការបង្ក្រាបឧក្រិដ្ឋកម្មនេះ លោកប្រធានាធិបតី ក៏បានប្រកាសប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។
«ខ្ញុំទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកប្រធានាធិបតី។
លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការក្នុងការងារនេះ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការប្តេជ្ញាយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា និងកូរ៉េខាងត្បូង បានសហការគ្នាឈានទៅបង្ក្រាប និងបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន៧៣នាក់ ត្រឡប់ទៅប្រទេសគេវិញ បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា៕