
(ព្រះសីហនុ)៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ, លោក សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានមហាអយ្យការអមសាលាឧទ្ធរណ៍, លោក ប្លង់ សំណាង ចៅក្រមតុលាការកំពូល, លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេតត្ត នៅសាលប្រជុំ លេខាធិការដ្ឋាន សាលាយុត្តិធម៌ ខេត្តព្រះសីហនុ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ មានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អគ្គលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ មន្រ្តីរដ្ឋបាល មន្រ្តីជាប់កិច្ចសន្យា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ សរុបប្រមាណជិត២០០នាក់។
លោក សរ យសថាវរៈ បានឲ្យដឹងថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនេះ ក្នុងគោលបំណងបូកសរុបលទ្ធផលការងារកន្លងមក ដើម្បីសបញ្ជាក់ឲ្យឃើញពីសមិទ្ធផលសម្រេចបាន និងស្វែងរកបញ្ហាប្រឈម ដើម្បីពិភាក្សាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ឲ្យបានត្រឹមត្រូវ និងមានផែនការច្បាស់លាស់ ដើម្បីជំរុញនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលសម្រេចបានជាផ្លែផ្កា។
អគ្គព្រះរាជអាជ្ញានមហាអយ្យការអមសាលាឧទ្ធរណ៍ បានបន្ថែមទៀតថា ទោះបីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ មានតួនាទី និងសមត្ថកិច្ចកំណត់ដោយច្បាប់ក៏ដោយ ប៉ុន្តែការបំពេញតួនាទី និងភារកិច្ចដែលកំណត់ដោយច្បាប់នេះ មិនអាចផ្តាច់ទំនាក់ទំនងស្ថាប័នជាប់ចំណងបានទេ ហេតុដូច្នេះហើយទើបមានការអញ្ជើញថ្នាក់ដឹកនាំពីស្ថាប័នផ្សេងៗ ប្រធាន អនុប្រធាន និងព្រះរាជអាជ្ញាព្រះរាជអាជ្ញារង នៅតុលាការថ្នាក់ក្រោមចូលរួមផងដែរ ដើម្បីរួមគ្នាពិភាក្សាដោះស្រាយបញ្ហា និងលើកទិសដៅអនុវត្តឲ្យបានត្រឹមត្រូវ។
លោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានថ្លែងថា ឆ្លងកាត់តាមអង្គសន្និបាតបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងបានពិភាក្សាពីបញ្ហាប្រឈម ដោយមតិយោបល់យ៉ាងផុសផុល និងមានមតិឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ អង្គសន្និបាត សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ បានកំណត់ទិសដៅការងារអនុវត្តបន្ត៦ចំណុច ដូចតទៅ៖
*ទី១៖ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ
*ទី២៖ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ
*ទី៣៖ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ព្រះសីហនុ
*ទី៤៖ វាយតម្លៃ និងកែលំអរលទ្ធផលការងារឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ និងអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ
*ទី៥៖ ពិនិត្យ និងដោះស្រាយរាល់បញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមកអំឡុងពេលបំពេញការងារ
*ទី៦៖ លើកទិសដៅការងារជាអទិភាព សម្រាប់ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ, មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងសាលាឧទ្ធរណ៍ព្រះសីហនុ៕