
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ បណ្តេញជនបរទេសសរុបចំនួន៦២៥នាក់ (ស្រី ៦នាក់)ទៀតហើយចេញពីកម្ពុជា។ ជនបរទេសដែលបណ្តេញចេញពីកម្ពុជានេះ មាន ៦សញ្ជាតិ រួមមាន ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី។
ក្នុងចំណោមជនបរទេសដែលបណ្តេញចេញនេះ មានជនជាតិចិនចំនួន ១១០នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន ៥៤៨នាក់។ ពួកគេត្រូវបានបណ្តេញចេញបន្ទាប់ពីរកឃើញមានការជាប់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់។
ជនបរទេសទាំងនេះ ត្រូវបានបណ្តេញចេញតាមច្រកទ្វារអាកាសអន្តរជាតិតេជោ និងច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍។
ត្រឹមរយៈពេល៨ថ្ងៃដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ មានជនបរទេសច្រើនជាតិសាសន៍ជាច្រើនពាន់នាក់ហើយ ត្រូវបានបណ្តេញចេញ។ នេះជាការបង្ហាញឱ្យឃើញនូវស្មារតីដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក៏ដូចជាបោសសំអាតជនបរទេសរស់នៅខុសច្បាប់នៅកម្ពុជា៕