
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំ ដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូល រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និង កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។