សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៉ីសុលីត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងយល់ថា សន្ដិភាពព្រំដែនបង្ហាញពីមិត្តភាព និងកិច្ចសហការល្អ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញការពេញចិត្តដូចគ្នាចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសុទ្ធតែបានយល់ថា សន្ដិភាពព្រំដែន គឺពិតឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហការល្អយ៉ាងពិតប្រាកដ។

 

ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបព្រឹកមិញនេះ គណបក្សទាំងពីរបានជជែក និងផ្លាស់ប្ដូរយោបល់គ្នា ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃគណបក្សទាំងផ្ដោតលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលបានសម្រេចនៅពេលដែលបានប្រជុំនៅប្រទេសវៀតណាម កាលពីឆ្នាំ២០២៥កន្លងទៅ ហើយបន្តអនុវត្តដល់ឆ្នាំ២០២៦នេះដែលសមិទ្ធផលជាច្រើន សម្រាប់ការពង្រីកនូវទំនាក់ទំនងទ្វេរភាគី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ និយាយជារួមគណបក្សត្រីភាគី គណបក្សប្រជាជនកម្ពុជា គណបក្សបដិវត្តន៍កុម្មុយនីសវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ គឺនៅព្រឹកមិញនេះ គឺថ្នាក់ដឹកនាំកំពូលបានរំលេចអំពី សក្ដានុពលនៃការពង្រីកនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែលគណបក្សទាំងពីរនៅមានជាមួយគ្នា ជាពិសេស ការបន្តនូវការផ្លាស់ប្ដូរ នូវទំនាក់ទំនងយុវជន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ រួមទាំងការផ្លាស់ប្ដូរ បណ្ដុះបណ្ដាលយុវជន អ្នកបន្តវេនដែលផ្ដោតសំខាន់ទៅលើអ្នកបន្តវេន ដើម្បីរក្សាឲ្យបាននូវចំណងមិត្តភាពនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ កាន់តែស្អិតរមួតបន្ថែមទៀត។

 

លោក ជា ធីរិទ្ធ គូសរំលេចថា នៅក្នុងឱកាសនោះ លោកបណ្ឌិត ថងលុន ស៊ីសុលីត បានអរគុណជាពន្លឹកចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា តែងតែជួយឧប្ថម្ភគាំទ្រដល់ឡាវ ប្រជាជនឡាវដែលជាការបង្ហាញអំពីស្មារតី នៃការប្រកៀកស្មារគ្នាក្នុងឋានៈជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា។ ហើយការរក្សាបាននូវទំនាក់ទំនងល្អទៅវិញទៅមកនេះ គឺជាចំណុចស្នូលទ្វេភាគីទាំងនៅក្នុងក្របខណ្ឌបក្ស រួមទាំងក្នុងរដ្ឋាភិបាល និងស្ដាប័ននីតិបញ្ញត្តិ រួមទាំងវិស័យឯកជនផ្សេងៗទៀត នាពេលកន្លងមក។

 

បើតាមលោក ជា ធីរិទ្ធ, នៅក្នុងឱកាសនោះ សម្ដេចតេជោ និងលោកបណ្ឌិត ថងលុន ស៊ីសុលីត បានឯកភាពគ្នា ក្រៅពីការពង្រីកលើទំនាក់ទំនងនៃគណបក្សទាំងពីរគឺ រដ្ឋាភិបាល ក៏ជម្រុញឲ្យរដ្ឋាភិបាលទាំងពីជម្រុញទំនាក់ទំនងក្នុងឱកាសខួបក្នុងឆ្នាំ២០២៦នេះ ហើយប្រទេសទាំងពីរប្រារព្ធខួប៦០ឆ្នាំ ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរួមគ្នា ដើម្បីអបអរក្នុងឱកាសនេះដែលលោកបណ្ឌិត ថងលុន ស៊ីសុលីត ចង់ឲ្យ រៀបចំ ទិវាវប្បធម៌ ដើម្បីអបអរសាទររវាងទំនាក់ទំនងកម្ពុជា-ឡាវនេះឲ្យកាន់តែផុសផុលបន្ថែម។

 

បន្ថែមពីលើនេះ គណបក្សទាំងពីរបានជជែកគ្នាលើវិស៏យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យជារួម ក្នុងការធ្វើយ៉ាងណាគាំទ្រទាំងគណបក្ស និងរដ្ឋាភិបាលឲ្យមានការរីកចម្រើន។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវសុវត្ថិភាព សន្តិសុខ នៅតាមព្រំដែនដែរ ទាំងសម្ដេចតេជោ និងលោកបណ្ឌិត ថងលុន ស៊ីសុលីត និងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ សុទ្ធតែបង្ហាញនូវការពេញចិត្តថា ប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានសន្តិភាពនៅតាមព្រំដែនដែលឆ្លុះបញ្ចាំងថាមានមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងយល់គ្នាទៅវិញទៅមក។ លោក ជា ធីរិទ្ធ បន្តថា ដូចដែលយើងបានដឹងគឺព្រំដែនកម្ពុជា-ឡាវ បានសម្រេចការបោះបង្គោលរួមគ្នាបានប្រមាណ ៨៦%ហើយនៅសល់តែ ១៤%ទៀតប៉ុណ្ណោះ។

 

លោក ជា ធីរិទ្ធិ សង្កត់ធ្ងន់ថា ជំនួបកំពូលនេះគឺបានផ្ដោតលើការដោះស្រាយបញ្ហា ប្រសិនបើមានគឺដោយសន្តិវិធី និងការពង្រីកបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ដើម្បីធានានូវនិរន្តភាព ស្ថិរភាព តាមព្រំដែនរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះ គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរបានគាំទ្រឲ្យមានការសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងឡាវបន្ថែមទៀត ថ្វីត្បិតតែមកដល់ពេលនេះពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានអត្រា ២៥០លានដុល្លារ នៅចំនួនពិតមែន ប៉ុន្តែថ្នាក់ដឹកនាំកំពូលនៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺ យល់ថានៅតែមានសក្ដានុពលបន្ថែមសម្រាប់ពង្រីករួមគ្នារវាងប្រទេសទាំងពីរ។

 

លោក បន្តថា ផែនការបឋមនៃប្រទេសទាំងពីរគឺ ថ្នាក់ដឹកនាំចង់បានឲ្យមានពាណិជ្ជកម្ម ក្នុងអត្រាប្រមាណ ៧០០លានដុល្លារ នៅក្នុងពេលឆាប់ៗខាងមុខ ដែលជាការបង្ហាញឆន្ទៈ រួមទាំងក្របខណ្ឌគណបក្ស និងរដ្ឋាភិបាល ទៅជាមួយគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *