
(ឧត្តរមានជ័យ)៖ យោធាថៃ ជាជាតិសាសន៍កាន់ព្រះពុទ្ធសាសនាដូចកម្ពុជា ប៉ុន្តែមានចិត្តសាហាវព្រៃផ្សៃ បានបាញ់យន្តហោះទម្លាក់គ្រាប់ប្រភេទ MK82 និងកាំភ្លើងធំកម្ទេចទីអារាម ព្រះពុទ្ធបដិមា និងទីសក្ការៈបូជានានា នៅវត្តប្រាសាទតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពោលគឺនៅជាប់នឹងជើងភ្នំដងរែកជាទីកន្លែងគោរពបូជា និងប្រណិប័តន៍ធម៌យ៉ាងខ្ជាប់ខ្ជួនរបស់ ប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់នោះ។
ការបាញ់កម្ទេចទីអារាម និងសម្លាប់តាអាចារ្យប្រកបដោយភាពព្រៃផ្សៃពីសំណាក់យោធាថៃ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដែលយោធាឈ្លានពានថៃ បើកការបាញ់ប្រហារ និងបញ្ឆេះសង្គ្រាមជាមួយកម្ពុជា លើកទី១ និងបន្តបើកការបាញ់កម្ទេចទីអារាមនេះបន្ថែមទៀត នៅគ្រាដែលយោធាថៃ បើកការឈ្លានពានលើកទី កាលពីកំឡុងខែធ្នូ ឆ្នាំ២០២៥ ដោយបានទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់ធុនធ្ងន់កម្ទេចវត្តទាំងស្រុង។
ក្រោមទម្ងន់គ្រាប់កាំភ្លើងធំរបស់ទាហានចិត្តឃោរឃៅថៃ បានបំផ្លាញសាលាបុណ្យ និងទីសក្ការៈនានាក្នុងវត្តខ្ទេចខ្ទីគ្មានសល់។ កាន់សោកសៅថែមទៀតនោះ លោកតាអាចារ្យ ដែលជាអ្នកប្រតិបត្តិធម៌ និងថែទាំទីអារាម ក៏ត្រូវបានស្លាប់ក្រោមទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាឈ្លានពានថៃ យ៉ាងអាណោចអាធ័មជាទីបំផុត កាលពីសង្គ្រាមឈ្លានពានលើកទី១។
សូមបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកបន្ទាយអំពិល នៅតាមជើងភ្នំដងរែក ជាសមរភូមិយ៉ាងក្តៅគគុក ដោយយោធាថៃបានបាញ់កាំភ្លើងធំយ៉ាងខ្លាំងបំផុត។ ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ និងដើមឈើជាច្រើនបានបន្សល់ស្នាមជាច្រើនបន្សល់ពីទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាថៃ។
បើតាមលោកអាចារ្យ តឹក ប៊ុនធឿន ប្រធានអាចារ្យវត្តប្រាសាទតាមាន់សែនជ័យ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា វត្តប្រាសាទតាមាន់សែនជ័យ ត្រូវបានបំផ្លាញទាំងស្រុង ដោយការឈ្លានពានរបស់កម្លាំងយោធាថៃ ជាលើកទី២ គិតចាប់ពីថ្ងៃទី៨-២៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈការឈ្លានពានលើកទី១ រយៈពេល៥ថ្ងៃ នៅក្នុងខែកក្កដា បានរងការបំផ្លាញមួយអន្លើរួចទៅហើយ។ ការវាយប្រហាររបស់យោធាថៃ ចំនួន២លើក បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធវត្តប្រាសាទតាមាន់សែនជ័យ ត្រូវខូចខាតទាំងស្រុង៕