កម្ពុជា-កូរ៉េ ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ

(ភ្នំពេញ)៖ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ។

 

នាឱកាសជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក គឹម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ លោក បានសម្តែងការ ពេញចិត្តចំពោះស្ថានភាពដ៏ល្អប្រសើរ និងស្និទ្ធស្នាលនៃទំនាក់ទំនងទ្វេភាគី និងវឌ្ឍនភាពជាលំដាប់នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសា.កូរ៉េ លើវិស័យជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

 

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ ដែលត្រូវបានដំឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសា.កូរ៉េ ក្នុងខែឧសភា ឆ្នាំ២០២៤។

 

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការបរទេសនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត គឹម ឆាងយ៉ុង និងស្ថានទូតសា.កូរ៉េ នៅភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ។

 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណរដ្ឋ កូរ៉េ សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការជាបន្តបន្ទាប់ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

 

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត គឹម ឆាងយ៉ុង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការល្អរវាងប្រទេសទាំងពីរ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

 

លោកឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលបេសកកម្មការទូតនៅកម្ពុជា។

 

ខណៈដែលឆ្នាំ២០២៧ ជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសា.កូរ៉េ ភាគីទាំងពីរបានបង្ហាញពីបំណងក្នុងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ព្រមទាំងខិតខំជំរុញទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីបន្ថែមទៀត។

 

មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត ពីស្ថានភាពបច្ចុប្បន្ននៃជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *