
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានក្រើនរម្លឹកបន្ថែមដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សត្រូវថែរក្សាអំពើល្អដែលបានធ្វើ ខិតខំប្រឹងប្រែងបង្កើនអំពើល្អ និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលខ្លនបានធ្វើជាមួយប្រជាពលរដ្ឋនោះទេ។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានជំរុញសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយបន្តខិតខំពង្រឹងសមាជិកនៅតាមមូលដ្ឋាន រក្សាចាស់ និងពង្រីកថ្មី ជាពិសេសយុវជនបក្សទាំងបរិមាណ និងគុណភាព។
លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមប្រជុំដើម្បីរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ព្រមទាំងរៀបចំផែនការអនុវត្តន៍បន្តដើម្បី ធ្វើយ៉ាងណាឱ្យមានភាពឹងមាំ និងមានការឯកភាពផ្ទៃក្នុងប្រកបដោយស្មារតីទទួលខុសត្រូវ។
លោក នេត្រ ភក្ត្រា ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្ស ត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់។ ក្នុងករណីមានបញ្ហាប្រឈមណាដែលដោះស្រាយមិនបានត្រូវរាយការណ៍ជាបន្ទាន់ចៀសវាងការរិះគន់ ដែលធ្វើឱ្យប៉ពាល់ដល់ថ្នាក់ដឹកនាំគណបក្ស និងត្រូវតៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានៅពេលខាងមុខនេះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ត្រូវតែថែរក្សាអំពើល្អ បង្កើនអំពើល្អ ក្នុងចំណោមសមាជិកបក្ស និងប្រជាពលរដ្ឋ យើងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលយើងបានធ្វើនោះទេ។ ដូច្នេះកាលណាយើងបង្កើតអំពើល្អរបស់បន្ថែមទៀត ភាពរឹងមាំ និងប្រជាប្រិយភាពរបស់គណបក្សក៏កាន់តែខ្លាំងបន្ថែមទៀត»។
ប្រធានក្រុមការងារគណបក្ស ក៏បានពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកគណបក្សថា យើងមិនត្រូវមើលស្រាលទៅលើស្ថានភាពបច្ចុប្បន្នថា គណបក្សយើងជាគណបក្សដែលឈានមុខគេ និងទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋ តែយើងមិនត្រូវភ្លេចខ្លួនថា ពួកបក្សប្រឆាំងនៅតែឆ្លៀតឱកាសបង្កើតរដ្ឋាភិបាលខុសច្បាប់ វាយប្រហាររាជរដ្ឋាភិបាល ស្របច្បាប់បង្កាច់បង្ខូច តាមប្រព័ន្ធបណ្តាញសង្គម គ្រប់រូបភាព បម្រើឧបាយកលបរទេស ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័នច្រឡំ។
លោក នេត្រ ភក្ត្រា បានសំណូមពរឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រលើគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្រើនតាមរយៈអំពើល្អដែលបានខិតខំប្រឹងប្រែងធ្វើ ដើម្បីធានាថា សមាជិកបក្សម្នាក់ៗក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។
ការរម្លឹកបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់៕