សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ, សាមគ្គីជាតិ ឯកភាពជាតិ គឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរ

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ ហើយ សាមគ្គីជាតិ ឯកភាពជាតិរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនាពេលនេះ គឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរ។

 

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

 

សម្តេចបានលើកឡើងថា ការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅទីនេះ គឺជាការលំបាករបស់ជាតិខ្មែរ ដោយរាប់តាំងពីព្រះមហាក្សត្ររហូតដល់ប្រជាពលរដ្ឋធម្មតា គឺមានអារម្មណ៍ឈឺចាប់ អារម្មណ៍អាណិត និងគិតគូរ ដល់ប្រទេសជាតិរបស់យើងទាំងមូល។

 

សម្តេចបានសូមយកឱកាសនេះ អរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទូទាំងពិភពលោកតែម្តង ចំពោះស្មារតីរួមសាមគ្គីគ្នា នៅក្នុងពេលដែលយើងមានបញ្ហាប្រឈមជាមួយនឹងការឈ្លានពានក្នុងរយៈពេល៦ខែមកនេះ។

 

សម្តេចបានបញ្ជាក់ដូច្នេះថា «ប្រជាពលរដ្ឋយើងទូទាំងប្រទេសរួមគ្នាជាស្មារតីមួយ គាំទ្រទៅដល់វីរៈកងទ័ព វរៈនគរបាលជាតិ ទៅដល់គ្រួសារទ័ពរបស់យើង ហើយគ្រួសារទ័ពរបស់យើងនៅទីនេះ ក៏មានស្មារតីឆន្ទៈនៅក្នុងការគាំទ្រ ទៅដល់ប្ដីរបស់ខ្លួនដែលកំពុងបំពេញភារកិច្ចរបស់យើង»។

 

សម្តេចមហាបវរធិបតី បានអំពាវនាវឱ្យស្មារតីសាមគ្គីឯកភាពជាតិខ្មែរនេះ បន្តរឹងមាំនៅក្នុងគ្រប់កាលៈទេសៈ ជាពិសេសកាលៈទេសៈដ៏លំបាកនេះ ហើយជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទីនេះតែម្តង ដែលនេះជាអ្វីដែលជាកម្លាំងរឹងមាំរបស់ជាតិខ្មែររបស់យើង។

 

ទោះជាយ៉ាងនេះក្តី កម្ពុជាបានបញ្ជាក់ជំហរថា រាជរដ្ឋាភិបាល នឹងមិននៅស្ងៀមនោះទេ ហើយនឹងធ្វើការតវ៉ាជាបន្តបន្ទាប់ ចំពោះសកម្មភាពរបស់ថៃ ដែលបានប្រើប្រាស់កម្លាំងយោធា ឈ្លានពានបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *