
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនវិស័យសុខាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាពកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព រួមមាន ការថែទាំសុខភាពបឋម និងការបង្កើនសមត្ថភាពធ្វើរោគវិនិច្ឆ័យ ការថែទាំ ការព្យាបាល ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ រួមជាមួយនឹងការពង្រឹងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល។
ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បិទសន្និបាតសុខាភិបាលលើកទី៤៥ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត មន្ត្រីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិក នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ព្រមទាំងមន្ត្រី បុគ្គលិកជំនាញសុខភាពសាធារណៈ ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជាក៏បានឃើញអំពីស្នាដៃគុណសម្បត្តិរបស់កងទ័ពអាវស ក្នុងការជួយសង្គ្រោះអាយុជីវិត យោធិន នគរបាល ជនភៀសសឹក និងប្រជាជនស្លូតត្រង់ជាច្រើននាក់ ដែលបានរងការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងទ័ពថៃ។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលប្រកបដោយភាពសកម្ម និងពោរពេញទៅដោយសមត្ថភាពដឹកនាំ ក្នុងការចាត់ចែងក្រុមគ្រូពេទ្យ រួមទាំងសម្ភារៈបរិក្ខារចាំបាច់នានាទៅតាមគោលដៅសំខាន់ៗ តាមព្រំដែន រួមទាំងការបញ្ជូនអ្នករបួសធ្ងន់ទាន់ពេលមកកាន់មន្ទីពេទ្យធំៗ នៅរាជធានីភ្នំពេញ។
បន្ថែមពីលើផែនការសកម្មភាព និងទិសដៅដែលក្រសួងបានដាក់ចេញទាំងនោះ និងដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃអង្គសន្និបាត ក្នុងនាម សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានផ្ដល់មតិដឹកនាំ និងអនុសាសន៍មួយចំនួនរួមមាន៖
*ទី១៖ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តពង្រឹងកសាងសមត្ថភាពបន្ថែមឲ្យសមស្របទៅនឹងការវិវឌ្ឍនៃសម័យកាល ដោយគិតទៅលើគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌
*ទី២៖ បន្តជំរុញវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់សមធម៌៖ ត្រូវបន្តពង្រឹងការផ្តល់សេវាថែទាំសុខភាព នៅក្នុងប្រព័ន្ធប្រតិបត្តិការគាំពារសុខភាពសង្គម ដើម្បីកាត់បន្ថយគម្លាតនៃការទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាពរវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ និងបង្កើនការទទួលបានសេវាថែទាំសុខភាព នៅពេលត្រូវការរបស់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ
*ទី៣៖ ពង្រឹងការថែទាំសុខភាពបឋម៖ ត្រូវបន្តជំរុញតួនាទីមន្ទីរពេទ្យបង្អែក ក្នុងការពង្រឹងសេវាថែទាំសុខភាពបឋម ជាពិសេស ការអប់រំលើកកម្ពស់សុខភាព និងការបង្ការជំងឺ ដោយបញ្ជ្រាបការថែទាំសុខភាពបឋម ទៅក្នុងការផ្តល់សេវានៅមន្ទីរពេទ្យ និងផ្ដល់ការគាំទ្របច្ចេកទេសដល់មណ្ឌលសុខភាព ក្នុងការកែលម្អគុណភាព និងការពង្រីកការគ្របដណ្តប់នៃសេវា តាមរយៈអភិបាលកិច្ចគាំទ្រ ការបណ្តុះបណ្តាល ការពង្រឹងប្រព័ន្ធបញ្ជូន និងការសម្របសម្រួលការថែទាំរវាងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព
*ទី៤៖ ការធ្វើទំនើបកម្ម និងនវានុវត្តន៍សេវាថែទាំព្យាបាល៖ ត្រូវបន្តពង្រឹងមន្ទីរពេទ្យខេត្តឲ្យមានសមត្ថភាពបច្ចេកទេស និងជំនាញឯកទេសកាន់តែខ្ពស់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការថែទាំព្យាបាល ខណៈដែលមន្ទីរពេទ្យជាតិទាំងអស់ ត្រូវបន្តធ្វើនវានុវត្តន៍សមត្ថភាពជំនាញ ឲ្យកាន់តែទូលំទូលាយ និងប្រកបដោយឧត្តមានុភាព ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំ និងព្យាបាលរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយជាអតិបរមាការទៅរកសេវានៅក្រៅប្រទេស។ គុណភាព សុវត្ថិភាព និងស័ក្ដិសិទ្ធភាពនៃសេវា ព្រមទាំងតម្លៃសមរម្យ គឺជាកត្តាចម្បងនៃការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខាភិបាលកម្ពុជា
*ទី៥៖ ពង្រឹងសមត្ថភាពត្រៀម និងឆ្លើយតបទាន់ពេល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពចំពោះការគំរាមកំហែងសុខភាព និងស្ដារស្ថានការណ៍ឡើងវិញឆាប់រហ័ស ក្រោយវិបត្តិកើតឡើង មិនគ្រាន់តែការពារអាយុជីវិតប្រជាពលរដ្ឋពីវិបត្តិសុខភាព ដែលបានកើតឡើង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចន្ទល់រឹងមាំមួយនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។ ដូច្នេះ យើងត្រូវបន្តរក្សាភាពបុរេសកម្មនៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លងរាតត្បាត ឬគ្រោះអាសន្នសុខភាពដទៃទៀត និងពង្រឹងយន្តការឆ្លើយតបឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រៀមនិងពង្រឹងប្រព័ន្ធផ្គត់ផ្គង់ចាំបាច់នានា និងប្រើបណ្តាញផ្សព្វផ្សាយពីប្រភពច្បាស់លាស់ ដើម្បីផ្តល់ព័ត៌មានទាន់បច្ចុប្បន្នហេតុ ត្រឹមត្រូវ អាចជឿទុកចិត្តបានដល់សាធារណជន ជាពិសេសដល់ប្រជាជន និងសហគមន៍ដែលមានហានិភ័យខ្ពស់
*ទី៦៖ ការចាប់យកការប្រើបច្ចេកវិទ្យាសុខាភិបាលឌីជីថល ដើម្បីពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល៖ ក្រសួងសុខាភិបាល ត្រូវបន្តដំណើរបរិវត្តកម្មសុខាភិបាលឌីជីថល ក្នុងវិស័យសុខាភិបាល ដើម្បីកសាងប្រព័ន្ធអេកូសុខាភិបាលឌីជីថលមួយ ប្រកបដោយថាមវន្ត និងមានចីរភាព ដែលផ្តោតលើប្រជាជន និងផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត ស្តង់ដា និងក្រមសីលធម៌ ដើម្បីកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងសាធារណជន តាមរយៈការបម្រើសេវាថែទាំសុខភាព សេវាពាក់ព័ន្ធ និងអន្តរាគមន៍សុខភាពសាធារណៈ ឲ្យកាន់តែប្រសើរឡើង សំដៅចូលរួមកសាងពលរដ្ឋឌីជីថល កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើកនៅកម្ពុជា។
*ទី៧៖ ជំរុញទឹកចិត្តដល់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ សូម័យកចិត្តទុកដាក់ ខិតខំរៀនសូត្របន្ថែមនូវវិធីសាស្រ្តនានា ក្នុងការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដោយសារតែការងារនេះ គឺជាការងារអាទិភាពចម្បងមួយរបស់ក្រសួងសុខាភិបាលយើងផងដែរពីព្រោះថា យើងតែងតែចាត់ទុកអ្នកញៀនគ្រឿងញៀនគឺជាជនរងគ្រោះ, គាត់ត្រូវទទួលការបន្សាប ព្យាបាល ដើម្បីពួកគាត់អាចមានលទ្ធភាពធ្វើសមាហរណកម្មចូលសង្គមវិញបាន៕