
ព្រៃវែង)៖ លោកស្រី ជុន បូរ៉ានី ភរិយាលោកអភិបាលខេត្តព្រៃវែង រួមដំណើរដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងក្រុមការងារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពការងារ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនកសិករ និងការវិវត្តនៃវិស័យកសិកម្មក្នុងមូលដ្ឋាន ជាពិសេសក្នុងដំណាក់កាល ដែលកម្ពុជាកំពុងជំរុញការផលិតកសិផលប្រកបដោយគុណភាពសម្រាប់ទីផ្សារ។
លោកស្រីភរិយាអភិបាលខេត្តព្រៃវែង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាជិកសហគមន៍ ដែលបានរួមគ្នាពង្រឹងសង្វាក់ផលិតកម្ម កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលតាមរយៈការធ្វើកសិកម្មបែបទំនើប។
លោកស្រីបានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍ ដើម្បីមានអំណាចក្នុងការចរចាតម្លៃទីផ្សារ និងទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ ដែលទាំងនេះជាការជំរុញ ឱ្យកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ និងឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។
ប្រជាកសិករបានចាត់ទុកសកម្មភាព ចុះសួរសុខទុក្ខជាមួយកសិកររបស់លោកស្រីភរិយាអភិបាលខេត្តព្រៃវែង គឺមិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់កសិករក្នុងភូមិដីស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
បន្ថែមលើសពីនេះ លោកស្រីបានណែនាំឱ្យបងប្អូនកសិករត្រៀមលក្ខណៈ និងរៀនបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាទិន្នផលនៅតែមានស្ថិរភាព ទោះបីក្នុងលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង ឬខ្វះទឹកក៏ដោយ។
បើយោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍កសិកម្ម អភិវឌ្ឍន៍ថ្មីស្ថិតនៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដែលបានបង្កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សហគមន៍មានសមាជិកសរុ១០២នាក់(ស្រី៣៤នាក់) មានផ្ទៃដីផលិតបន្លែសរុប១៧ហិកតា ដែលអាចផលិតបន្លែបាន២៥ទៅ៣៥តោនក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ រួមមាន ត្រសក់ ,ម្រះ ,ប៉េងបោះ, ម្ទេស ខាត់ណាជាដើម។ រាល់ផលិតផលដែលផលិតបាន គឺមានអ្នកប្រមូលទិញមកដឹកជញ្ជូន និងទូទាត់ដល់ទីកន្លែង។
ភាគច្រើននៃបន្លែ គឺអ្នកប្រមូលទិញយកទៅផ្គត់ផ្គង់ទៅផ្សារនៅភ្នំពេញ ផ្សារកៀនស្វាយ និងផ្សារអ្នកលឿងផងដែរ៕