
ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ លោកបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចត នៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្ដេចមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
សម្តេចបវរធិបតី ក៏បានជម្រាបជូននាយឧត្តមនាវីថា កម្ពុជាបានទទួលលិខិតអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម «ក្រុមប្រឹក្សាសន្តិភាព»។ កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់នាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ឲ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។
នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតី នៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ លោក Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕