សាររបស់សម្តេចបវរធិបតី បញ្ជាក់ស្នូលប្រាំមួយជ្រុង នៃការដឹកនាំជាតិ៖ តើទិសដៅកម្ពុជាពេលនេះ ត្រូវតម្រង់ទៅកាន់ទីណា?

ភ្នំពេញ)៖ នៅក្នុងគ្រាដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ កំពុងត្រូវរងដោយអំពើឈ្លានពានពាក្យសម្តីពីប្រមុខរាជរដ្ឋាភិបាល មិនមែនជាការនិយាយធម្មតាទៀតឡើយ។ ពាក្យមួយម៉ាត់ៗ ក្លាយជាគន្លឹះសម្រាប់កំណត់សេចក្តីពិត ជាជំហរសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ និងជាការគូសខ្សែទិសដៅសម្រាប់ជាតិទាំងមូល។ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មិនត្រឹមតែបង្ហាញពីដំណាក់កាលប្រឈមមុខនៃស្ថានការណ៍ជាតិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់យ៉ាងច្បាស់នូវទិសដៅអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទនៃការរងការរំលោភបំពានលើទឹកដី។

 

សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី បានរំលេចយ៉ាងច្បាស់នូវសារស្នូល និងអាទិភាពធំៗចំនួនប្រាំមួយ ដែលភ្ជាប់គ្នាជាស៊ុមយុទ្ធសាស្ត្រតែមួយពីជាតិ នយោបាយ សង្គម សន្តិសុខ រហូតដល់រូបភាពអន្តរជាតិ។ សារទាំងនេះ មិនមែនជាប្រធានបទដាច់ដោយឡែក ឬការឆ្លើយតបបណ្តោះអាសន្ននោះទេ ប៉ុន្តែជាផែនទីសម្រាប់ “របៀបរស់” និង “របៀបឈរ” របស់ប្រទេសមួយ នៅពេលកំពុងរងនូវអំពើរំលោភបំពានលើទឹកដី ពីសំណាក់ប្រទេសជិតខាង។ វាជាសារដែលបញ្ជាក់ថា កម្ពុជា មិនត្រឹមតែប្រឈមមុខនឹងវិបត្តិបច្ចុប្បន្នទេ ប៉ុន្តែកំពុងរៀបចំខ្លួនដើម្បីការពារ អភិរក្ស និងពង្រឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនក្នុងរយៈពេលវែង។

 

* សាមគ្គីភាពជាតិ ក្នុងគ្រាវិបត្តិ

 

សម្តេចបវរធិបតី បានរំលេចយ៉ាងច្បាស់ពីស្មារតីសាមគ្គីខ្មែរនិងខ្មែរ ដែលលេចឡើងនៅពេលប្រទេសជាតិរងការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ សារនេះមានអត្ថន័យជ្រាលជ្រៅជាងការអំពាវនាវធម្មតា ព្រោះវាបញ្ជាក់ថា វិបត្តិមិនត្រឹមតែបង្កការឈឺចាប់ និងការភ័យខ្លាចទេ ប៉ុន្តែអាចក្លាយជា កម្លាំងបំផុសស្នេហាជាតិ និងភាពប្តេជ្ញាចិត្តរួម បើសង្គមអាចរក្សាសេចក្តីពិត និងមិនអនុញ្ញាតឲ្យការឈឺចាប់នោះ ត្រូវបានបំភ័ន្ត បំប្លែង ឬបំបែកដោយការបកស្រាយគ្មានភស្តុតាង។

 

ក្នុងសេចក្តីថ្លែងការណ៍សម្តេចបវរធិបតី បានសរសេរយ៉ាងច្បាស់ថា៖ «ការលំបាករបស់ជាតិ នាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ»។

 

ឃ្លានេះបង្ហាញថា សាមគ្គីភាពដែលសម្តេចបវរធិបតីកំពុងអំពាវនាវ មិនមែនជាសាមគ្គីភាពផ្អែកលើអារម្មណ៍ឆាប់ផ្លាស់ប្តូរ ឬពាក្យស្លោកនយោបាយបណ្តោះអាសន្នទេ ប៉ុន្តែជាសាមគ្គីភាព ផ្អែកលើការយល់ស្របលើសេចក្តីពិតជារួម និងការទទួលខុសត្រូវរួមចំពោះជោគវាសនាជាតិ។ នៅពេលដែលសង្គមយល់ច្បាស់ថា «អ្វីកំពុងតែកើតឡើង» និង «អ្វីត្រូវតែការពារ» សាមគ្គីភាពនោះ ទើបមានឫសគល់ និងអាចឈរបានជាយូរអង្វែង។

 

សម្តីអំពាវនាវឱ្យប្រែក្លាយការលំបាក ទៅជាសាមគ្គីភាពជាធ្លុងមួយក្នុងគ្រានេះ វាមិនមែនជាវោហាសាស្ត្រធម្មតាទេ ប៉ុន្តែជាយុទ្ធសាស្ត្រពិតប្រាកដក្នុងការការពារជាតិ។ វាជាសារប្រាប់យ៉ាងច្បាស់ថា នៅពេលជាតិរងសម្ពាធ ព្រះរាជាណាចក្រកម្ពុជា មិនមានជម្រើសច្រើនឡើយគឺជាតិត្រូវរួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិ ឬមិនដូច្នោះទេ នឹងក្លាយជាជាតិដែលងាយរងនឹងការបំពាន។ ក្នុងន័យនេះ សាមគ្គីភាព មិនមែនជាជម្រើសនយោបាយមួយក្នុងចំណោមជម្រើសផ្សេងៗទេ ប៉ុន្តែជាលក្ខខណ្ឌគ្រឹះ សម្រាប់ការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងកិត្តិយសជាតិ។

 

* បំប្លែង «ការលំបាក» ទៅជា «កម្លាំងជាតិ»

 

សេចក្តីថ្លែងការណ៍នេះ មានទស្សនៈយុទ្ធសាស្ត្រត្រង់ៗថា ការលំបាកជាតិ គឺការលំបាករបស់ខ្មែរគ្រប់រូប។ ប៉ុន្តែគន្លឹះ មិនមែននៅត្រង់ភាពត្អូញត្អែរអំពីការលំបាកទេ គន្លឹះរបស់វានៅត្រង់នេះ គឺសមត្ថភាពក្នុងការចេះបំប្លែងវាទៅជាភាពធន់ ឬកម្លាំងដែលមានឥទ្ធិពល។ នេះមានន័យថា បំប្លែងការឈឺចាប់ទៅជាកម្លាំងជាតិដ៏រឹងមាំ បំប្លែងវិបត្តិទៅជាសក្តានុពល និងបំប្លែងសម្ពាធ ទៅជាមេរៀនសម្រាប់កសាងជាតិឱ្យរឹងមាំជាងមុន។

 

ក្នុងទ្រឹស្តីនេះ សម្តេចបវរធិបតីកំពុងបញ្ជាក់យ៉ាងច្បាស់ថា ជ័យជម្នះក្នុងការតស៊ូជាតិនៅសម័យទំនើប មិនអាចធានាដោយមធ្យោបាយយោធាតែមួយឡើយ។ ផ្ទុយទៅវិញ វាត្រូវបានកំណត់ដោយសមត្ថភាពជាតិដ៏ទូលំទូលាយចាប់ពី ភាពធន់ផ្នែកសេដ្ឋកិច្ច ការរួបរួមសង្គម វិន័យ និងសមត្ថភាពស្ថាប័ន រហូតដល់ការជឿទុកចិត្តរបស់សាធារណជន ចំពោះអំណាចស្របច្បាប់។ នៅពេលធាតុទាំងនេះត្រូវបានពង្រឹងរួមគ្នា វិបត្តិមិនត្រឹមតែត្រូវបានទប់ស្កាត់ទេ ប៉ុន្តែអាចក្លាយជាចំណុចបង្កើតកម្លាំងជាតិថ្មី ដែលធ្វើឲ្យកម្ពុជា ឈរបានរឹងមាំជាងមុន នៅលើឆាកតំបន់និងអន្តរជាតិ។

 

* លុបបំបាត់ «ភាពអសកម្ម» ក្នុងសង្គម

 

សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី មិនឈប់ត្រឹមអំពាវនាវឲ្យសាមគ្គីទេ ប៉ុន្តែបន្តទៅកាន់ប្រយោគសំខាន់មួយ៖ ភាពអសកម្មក្នុងសង្គម គឺជាកត្តាធ្វើឱ្យជាតិចុះខ្សោយ។ នេះជាភាសានយោបាយដែលបញ្ជាក់ថា សត្រូវមិនត្រូវការឈ្នះដោយកាំភ្លើងជានិច្ចទេ ពេលខ្លះសត្រូវឈ្នះដោយឲ្យយើង «ដួលដោយខ្លួនឯង» តាមរយៈភាពអសកម្ម អំពើអាក្រក់ និងការបាត់បង់វិន័យសង្គម។

 

ដូច្នេះ ការរួមគ្នាលុបបំបាត់ភាពអសកម្មក្នុងសង្គម តាមរយៈសារនេះមិនមែនការរួមគ្នាដោយត្រឹមតែពាក្យស្លោកទេ ប៉ុន្តែត្រូវរួមគ្នាដោយសកម្មភាពពិតប្រាកដ ក្នុងការពង្រឹងសក្តានុពលជាតិគ្រប់វិស័យពីសេដ្ឋកិច្ច ការងារ ការអប់រំ ទៅការគ្រប់គ្រងនិងច្បាប់។

 

* ពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម

 

សម្តេចធិបតីបានដាក់ចេញយ៉ាងច្បាស់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម គឺជាអាទិភាពស្នូលនៃគោលនយោបាយរដ្ឋ ដោយមានគោលដៅចុងក្រោយមួយគត់ គឺធានាការរស់នៅសុខសាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សារនេះមានអត្ថន័យជ្រាលជ្រៅ ព្រោះវាប្រែប្រួលទស្សនៈសន្តិសុខពី «រឿងកម្លាំង» ឱ្យទៅជារឿងគ្រឹះ នៃការរស់នៅនិងការអភិវឌ្ឍជាតិ។

 

ក្នុងន័យនេះ សន្តិសុខ មិនមែនជាការបង្ហាញអំណាច ឬការប្រើកម្លាំងតែមួយទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ សេដ្ឋកិច្ច ការវិនិយោគ ការងារ និងភាពជឿទុកចិត្តក្នុងសង្គម។ នៅពេលប្រជាពលរដ្ឋមានអារម្មណ៍ថា ជីវិតនិងទ្រព្យសម្បត្តិត្រូវបានការពារ សេដ្ឋកិច្ចអាចដំណើរការបានដោយភាពទំនុកចិត្ត វិនិយោគិនអាចសម្រេចចិត្តដោយមិនភ័យខ្លាច ហើយសង្គមអាចផ្តោតលើការបង្កើតតម្លៃថ្មី ជំនួសការពារខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *