
ភ្នំពេញ)៖ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត។
លោកបានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកសាជាថ្មី ហើយសម្ដេចបានសម្ដែងនូវការពេញចិត្តចំពោះបេសកកម្មក៏ដូចជាកិច្ចការរបស់លោក ដែលបានបំពេញក្នុងព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតមានភាពរីកចម្រើន ជាពិសេសការសម្របសម្រួលរបស់លោកឯកអគ្គរាជទូត ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងទៅនេះ ដែលទាំងអស់នេះបង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។
នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាវ៉ាឌីត បានសម្ដែងនូវការអរគុណចំពោះសម្រេចតេជោដែលបានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ លោកបានបញ្ជាក់ថាក្នុងរយៈពេលបំពេញបេសកកម្មការងារនៅកម្ពុជា លោកមានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកក៏បានឃើញពីភាពរីកចម្រើន ជាពិសេសលើការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់របស់កម្ពុជា។ លោកសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយមានភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។
លោកក៏បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះគឺជាស្នូលនៃទំនាក់ទំនងដែលសម្ដេចចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរមានភាពរីកចម្រើន។ សម្ដេចតេជោក៏បានស្វាគមន៍ចំពោះប្រតិភូនៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្ដេចតេជោបានបន្តទៀតថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕