លោក ពុយ គា៖ ក្នុងជម្លោះខ្មែរ-ថៃ អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការចងក្រងឯកសារទុកជាប្រវត្តិសាស្រ្ត និងផ្សព្វផ្សាយនូវឈឺចាប់របស់កម្ពុជា ដែលត្រូវបានទាហានថៃធ្វើសកម្មភាពរំលោភបំពាន

ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ក្នុងជម្លោះខ្មែរ-ថៃ អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការថតចងក្រងឯកសារទុកជាប្រវត្តិសាស្រ្ត និងផ្សព្វផ្សាយនូវឈឺចាប់របស់កម្ពុជាទៅកាន់ពិភពលោក ឱ្យដឹងពីទង្វើទាហានថៃ ដែលធ្វើសកម្មភាពរំលោភបំពានដែនអធិតេយ្យភាពកម្ពុជា។

 

លោកមានប្រសាសន៍ថា ទោះបីជា ភាគីទាំងពីរ អនុវត្តបទឈប់បាញ់ហើយក៏ដោយ ប៉ុន្តែតួនាទីរបស់អ្នកសារព័ត៌មាន មិនទាន់ចប់នោះទេ ដោយសារសកម្មភាពរបស់ទាហានថៃ នៅបន្តនៅឡើយ ជាពិសេសតាមតំបន់ជាច្រើន ដែលទាហានថៃបានចូលកាន់កាប់នៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា។

 

លោកបានគូសបញ្ជាក់ថា «អ៊ីចឹងតួនាទីរបស់អ្នកសារព័ត៌មានសំខាន់ណាស់ ក្នុងការចុះទៅដល់ទីតាំងទាំងអស់នោះ ដើម្បីកត់ត្រា បង្ហាញ និងផ្សព្វផ្សាយចងក្រងនូវឯកសារទាំងអស់នោះជាប្រវត្តិសាស្រ្តផង និងជាការផ្តល់ព័ត៌មានផង ដែលប្រទេសកម្ពុជាបានឈឺចាប់ និងមិនអាចទទួលយកបាននូវសកម្មភាពរបស់ទាហានថៃ»។

 

ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា ក្នុងអំឡុងពេលសង្រ្គាមកម្ពុជា- ថៃ អ្នកសារព័ត៌មានកម្ពុជា បានគោរពវិជ្ជាជីវៈបានយ៉ាងល្អ បើប្រៀបធៀបជាមួយអ្នកសារព័ត៌មាននៅថៃ ដោយពិភពលោកបានឃើញការផ្សព្វផ្សាយសារព័ត៌មានថៃ តែងតែបញ្ច្រាស់នូវការពិត។

 

លោក ពុយ គា លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានចែកអាវក្រោះ និងមួកសុវត្ថិភាព ដល់អ្នកសារព័ត៌មានចំនួន២១ស្ថាប័ន ដែលត្រូវបំពេញបេសកកម្មយកព័ត៌មាននៅតំបន់ជម្លោះព្រំដែនកម្ពុជាថៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្ដាលក្លឹបអ្នកកាសែតកម្ពុជា។ គិតមកទល់ពេលនេះ ក្លិបអ្នកកាសែតកម្ពុជាបានផ្ដល់អាវក្រោះ មួកសុវត្ថិភាព និងPower Bank ជិត១០០ឈុតហើយដល់អ្នកសារព័ត៌មាន ដើម្បីរួមចំណែកផ្ដល់តម្លៃ និងគាំទ្រដល់អ្នកសារព័ត៌មាន ក្នុងការចុះយកព័ត៌មាននៅតាមតំបន់ជម្លោះព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *