
រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដីដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ៕