
ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ជំហរទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់។
តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានគូសបញ្ជាក់ដូចខាងក្រោម៖
១៖ ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់សាជាថ្មីថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុង តំបន់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងស្វែងរក មធ្យោបាយសមស្របក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍។
២៖ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជាចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់៕