សម្តេចតេជោ ហ៊ុន សែន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមគ្រួសារ បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។

 

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ក្នុងអភិលក្ខិតកាលដ៏វិសេសថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ទូលព្រះបង្គំ ជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទសម្តែងនូវសេចក្តីអំណរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត និងសូមថ្វាយព្រះពរ បវរមហាប្រសើរថ្លៃថ្លា ដើម្បីទ្រង់គង់ ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប ជាភិយ្យោ ភាពតរៀងទៅ។

 

ក្នុងឱកាសដ៏មហាមង្គលាភិរម្យនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមដង្ហែតាមព្រះរាជ តម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតដោយឥតងាករេ ចំពោះការបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលបានរួមចំណែក មិនអាចខ្វះបានជាពិសេសក្នុងការលើកកម្ពស់កិត្យានុភាព និងមោទនភាពជាតិ ទាំងនៅក្នុងតំបន់ និងលើសកល លោក។ ជាមួយគ្នានេះដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងការពារព្រះរាជបល្ល័ង្កជានិច្ច និង សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះព្រះមហាករុណាទិគុណ ព្រះវិសុទ្ធ គុណដ៏ខ្ពង់ខ្ពស់ជាអតិបរមារបស់ ព្រះករុណាថ្លៃវិសេសជាម្ចាស់ ទ្រង់តែងតែសព្វព្រះរាជហឫទ័យ ប្រោស ព្រះរាជទាននូវមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះទូលព្រះបង្គំជាខ្ញុំ ភរិយា និងក្រុមគ្រួសារ ជារៀងរហូតមក។

 

តបនឹងព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត អភិវន្ទនកិច្ចថ្វាយព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរ និងលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីត ព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមយាងបីបាច់ថែរក្សាអភិបាលប្រោះព្រំ ប្រទានព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេសជាម្ចាស់ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និង អង្គសម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះបញ្ញាញាណ ភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ។

 

សូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្ដីដ៏មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា»៕⁩

Leave a Reply

Your email address will not be published. Required fields are marked *