ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចម៉ែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយស សមាជិក សមាជិកា នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទូលព្រះបង្គំជាខ្ញុំផ្ទាល់ បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។

 

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏ថ្លៃថ្លានៃការអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ដែលនឹងឈាន ចូលមកដល់នាពេលខាងមុខឆាប់ៗនេះ ក្នុងនាមប្រធានកិត្តិយស សមាជិក សមាជិកា នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទូលព្រះបង្គំជាខ្ញុំផ្ទាល់ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត លំឱនកាយ ក្រាបថ្វាយបង្គំសម្តែងនូវអំណរសាទរប្រកបដោយភក្តីភាពថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

 

ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយវរោត្តមសម្ភាវកថាចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ ទ្រង់មានព្រះរាជហឫទ័យ ប្រកបដោយព្រះធម៌មេត្តា និងព្រះរាជតម្រិះ ខ្ពស់នៅគ្រប់ពេលវេលា ចំពោះសុខទុក្ខប្រជានុរាស្ត្រ ដែលជាកងទ័ពជួរមុខ ព្រមទាំងក្រុមគ្រួសារវីរកងទ័ពពលី ពិការ រងរបួស និងប្រជានុរាស្ត្រភៀសសឹក ដែលបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅតាម ព្រំដែនកម្ពុជា-ថៃ។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមថ្វាយស្វាមីភក្តិ និងដង្ហែតាមព្រះរាជតម្រិះរបស់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីថែរក្សាការពារប្រជានុរាស្ត្រខ្មែរ និងឧត្តមប្រយោជន៍ នៃ ព្រះរាជាណាចក្រកម្ពុជា។

 

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តា ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាយូរអង្វែងតរៀងទៅ។

 

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា»៕

Leave a Reply

Your email address will not be published. Required fields are marked *