សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។
នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលបានចេញផ្សាយនេះថ្ងៃទី២៣ ខែមេសា ២០២៦នេះ។

តាមរយៈសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សុខសន្តិភាពពេញលេញដែលយើងបានខិតខំរួមគ្នាថែរក្សា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ បន្ថែមពីនេះ គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។

សម្តេចបវរធិបតី បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់»។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី បានបន្ដថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទោះបីជា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក ការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។

ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។ លើសពីនេះ តាមរយៈការពិភាក្សានិងឯកភាពជាមួយ ភាគីនិយោជក យើងបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់ មករកប្រក្រតីភាពវិញ។ ជាលទ្ធផល ដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗនិងប្រាក់សោហ៊ុយ ធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ដុល្លារអាម៉េរិក ក្នុងមួយខែ៕

Leave a Reply

Your email address will not be published. Required fields are marked *