ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់លួងក្មេងប្រុសទៅកន្លែងស្ងាត់ រួចចាក់ និងអារកសម្លាប់, កម្លាំងនគរបាលតាមចាប់ និងបញ្ជូនទៅតុលាការ

(សៀមរាប)៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ ៥ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់រហូតតាមចាប់ជនដៃដល់។

 

ជនសង្ស័យឈ្មោះ ឆេន សុខ អាយុ២៨ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអតីតបងថ្លៃរបស់ ឪពុកម្តាយសព)។

 

ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដូចនេះដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

 

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារ នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារកសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

 

មូលហេតុមិនគួរឲ្យជឿគឺកើតចេញពីការខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ហើយគំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្ម ដ៏អាក្រក់បំផុតនេះ។

 

សាកសព ត្រូវបានជនដៃដល់យកទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

 

វត្ថុតាងសំខាន់ៗ ដែលដកហូតបាន រួមមាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ០១គ្រឿង ជាមួយគ្នានេះ បានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផល អវិជ្ជមាន។

 

ជនសង្ស័យករណីឃាតកម្ម គិតទុកជាមុននេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសានេះ ដើម្បីចាត់ការផ្តន្ទាទោសជនល្មើស តាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *