សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឡេ មិញហ៉ឹង ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឡេ មិញហ៉ឹង ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 

នៅក្នុងលិខិតអបអរសាទរ សម្តេចធិបតី បានបញ្ជាក់ថា «តាងនាមប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការតែងតាំងនេះ បានឆ្លុះបញ្ចាំងអំពីសេចក្តី ទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនឯកឧត្តម ដោយទទួលស្គាល់ នូវការលះបង់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពជាតិ។

 

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម និងក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។ វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផល ធំៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងកិច្ចការ តំបន់ និងអន្តរជាតិ។

 

កម្ពុជា និងវៀតណាម មានចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងភាពជា អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ ហើយខ្ញុំទន្ទឹងរង់ចាំជួបជាមួយ ឯកឧត្តម ដើម្បីផ្លាស់ប្តូរ ទស្សនៈលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌពហុភាគីនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន យើងទាំងពីរ។

 

សូមគោរពជូនពរ ឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម»៕

Leave a Reply

Your email address will not be published. Required fields are marked *