លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ស្រ្តីមិនមែនគ្រាន់តែជាអ្នក ដែលទទួលផលពីសន្តិភាពទេ ប៉ុន្តែស្ត្រីជាកម្លាំងស្នូល ក្នុងការចូលរួមកសាង និងការពារសន្តិភាព

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្រ្តីមិនមែនគ្រាន់តែជាអ្នកដែលទទួលផលពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីគឺជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងការពារសន្តិភាព។

 

ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១,៧០០នាក់ ។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា «ស្រ្តីជាម្តាយ ជាភរិយារបស់វីរកងទ័ពជួរមុខ ដែលត្រូវបាត់បង់សមាជិកគ្រួសារ ត្រូវលេបទឹកភ្នែក លាក់បាំងការភ័យខ្លាច និងត្រូវអត់ធ្មត់ថែរក្សាគ្រួសារដែលនៅជួរក្រោយ ទាំងភាពឈឺចាប់មិនអាចកាត់ថ្លៃបាន។ ទាំងអស់នេះហើយគឺជាការលះបង់ដ៏ធំធេង និងជាការចូលរួមយ៉ាងស្ងៀមស្ងាត់របស់ស្ត្រី ក្នុងការស្វែងរកសន្តិភាព ព្រមទាំងការពារបូរណភាពទឹកដីកម្ពុជាយើង។ នេះសបញ្ជាក់ថា ស្រ្តីមិនមែនគ្រាន់តែជាអ្នកដែលទទួលផលពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីគឺជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងការពារសន្តិភាពផងដែរ»។

 

លោកជំទាវបណ្ឌិត បានបន្តថា ស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ចទាំងក្នុងវិស័យសាធារណៈនិងឯកជន ទាំងក្នុងសហគមន៍និងក្នុងគ្រួសារ, ស្រ្តីជាអ្នកកសាងសាមគ្គីភាពនៅក្នុងសហគមន៍ ហើយក៏ជាធនធានមនុស្សដ៏សំខាន់សម្រាប់ ការចូលរួមគាំទ្រដ៏មានតម្លៃក្នងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើង។ មួយវិញទៀត ស្ត្រីគឺជាអ្នកថែរក្សាភាពកក់ក្តៅនៅក្នុងគ្រួសារ ជាអ្នកលើកទឹកចិត្តពេលគ្រួសារជួបការលំបាក ជាអ្នកអប់រំកូនចៅជំនាន់ក្រោយឱ្យចេះស្គាល់សេចក្តីស្រលាញ់ ការយោគយល់គ្នា និងការមិនប្រើអំពើហិង្សា ជាដើម។

 

សូមបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទកៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះកម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»៕

Leave a Reply

Your email address will not be published. Required fields are marked *