នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

Oplus_16908288

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រទេស ពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឲ្យបានល្អប្រសើរ។

 

ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

 

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។ នាយឧត្តមសេនីយ៍ ស ថេត ក៏លើកឡើងអំពីសភាពការណ៍ពិភពលោក ដែលបាននិងកំពុងកើតឡើង ព្រមទាំងការត្រៀមលក្ខណៈរបស់កម្ពុជា ចំពោះព្រឹត្តិការណ៍ដែលនឹងរៀបចំនៅពេលខាងមុខ។

 

នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃ កាលពីពេលកន្លងទៅ និងភាពផុយស្រួយនៃបទឈប់បាញ់។ ប៉ុន្ដែនាយឧត្តមសេនីយ៍ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្ដិវិធី បញ្ចៀសការផ្ទុះអាវុធ និងយន្ដការកាទូតលើឆាកអន្ដរជាតិផងដែរ។

 

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលកាលនៅក្នុងមុខតំណែងបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អ ទាំងការងារបញ្ជាដឹកនាំ ពិសេសការងារព្រំដែន ដែលបានប្រកៀកស្មាគ្នាជាមួយកងយោធពលខេមរភូមិន្ទឈរជើង យ៉ាងរឹងមាំការពារបូរណភាពទឹកដី អធិបតេយ្យជាតិ តស៊ូស្វិតស្វាញ់ ក្រាញននៀលដោយគ្មានការរួចរាឡើយ។

 

ចំពោះស្នងការថ្មីដែលទើបប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំនូវការងារសំខាន់ៗមួយចំនួនរួមមាន៖

 

*ទី១៖ ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ ក្នុងការដឹកនាំកងកម្លាំង

*ទី២៖ ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាពិសេសជំរុញគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព

*ទី៣៖ បន្ដជំរុញអនុវត្តការងារជំនាញ ការបម្រើសេវាជូនប្រជាពលរដ្ឋ

*ទី៤៖ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធ

*ទី៥៖ ជំរុញការកសាងអង្គភាព ថែរក្សាបរិស្ថាន អនាម័យនៅកន្លែងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *