
(ភ្នំពេញ)៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីសំណេះសំណាល អបអរសាទរទិវាអន្ដរជាតិនារី ៨មីនា លើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា ព្រមទាំងលោកស្រី ឆាយ ស៊ីណា ជីវ កេង និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល។
លោកបណ្ឌិត ជីវ កេង បានសង្កត់ធ្ងន់ថា តម្លៃស្រ្តីខ្មែរ គឺជាសសរស្តម្ភ នៃសុខសន្តិភាពទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ។ សក្ខីភាពជាក់ស្តែងថ្មីៗនេះ គឺផ្តើមចេញពីសង្គ្រាមឈ្លានពាន របស់សៀមនោះ បង្ហាញឱ្យឃើញថា តួនាទីស្ត្រីសំខាន់ណាស់ក្នុងការថែទាំងគ្រួសារ កូន និងឪពុកម្តាយ ក្នុងពេលដែលប្តីរបស់ខ្លួន ជាប់ប្រយុទ្ធជាមួយពួកចោរសៀមឈ្លានពាន
បន្ថែមពីលើនេះទៀត លោកបណ្ឌិត ជីវ កេង បានបន្ដថា ស្រ្តីជាភរិយាថ្នាក់ដឹកនាំ ក្នុងក្រសួងស្ថាប័នគ្រប់កម្រិត រួមនឹងបងប្អូនជនរួមជាតិស្ត្រី សុទ្ធតែបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់ជនភៀសសឹក និងវីរៈកងទ័ព។ ហេតុនេះ យើងត្រូវបន្តលើកកម្ពស់ និងធ្វើការគាំពារយ៉ាងពេញលេញចំពោះតួនាទីស្រ្តី។