
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ជូននិស្សិតចំនួន ៤១៨រូប ដែលធ្លាប់សិក្សាក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» ឱ្យបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ អាហារូបករណ៍នេះ គឺសម្រាប់តែថ្លៃសាលាប៉ុណ្ណោះ ដោយឡែកប្រាក់ឧបត្ថម្ភប្រចាំខែមិនមាននោះឡើយ។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីអ្នកគ្រប់គ្រងអាហារូបករណ៍ «ចេន ហ្ស៊ី» បានជូនដំណឹងពីការបញ្ចប់អាហារូបករណ៍ទៅដល់និស្សិតដែលកំពុងសិក្សាក្រោមអាហារូបករណ៍នេះ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលកំពុងសិក្សាតាមសាកលវិទ្យាល័យនានាក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» មានចំនួន ៤១៨នាក់ ស្ត្រី ១២៨នាក់។ ក្នុងនោះនិស្សិតចំនួន ១៦១នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ព័ត៌មានវិទ្យា ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, និស្សិត ២៥នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកសេដ្ឋកិច្ចឌីជីថល និងទេសចរណ៍ ហើយនិស្សិត ២៣២នាក់ កំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វកម្មសំណង់ស៊ីវិល។
ក្រោយទទួលបានការជូនដំណឹងនៃការបញ្ឈប់អាហារូបករណ៍ និស្សិតដែលភាគច្រើនជាអ្នកមានជីវភាពខ្វះខាតនោះ បានបង្ហាញក្តីព្រួយបារម្ភពីលទ្ធភាពរកថវិកាបង់ថ្លៃសាលាបានបន្តការសិក្សា។ តែពេលនេះពួកគេក៏បានប្រែមកជារីករាយ បន្ទាប់ពីទទួលបានដំណឹងសម្តេចតេជោ ហ៊ុន សែន ចេញមុខផ្តល់អាហារូបករណ៍បន្តជូនពួកគេ បើទោះបីមិនមានប្រាក់ឧបត្ថម្ភប្រចាំខែក៏ដោយនោះ។
និស្សិត រិន ពិសិដ្ឋវិថូរី កំពុងសិក្សាឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រៅពីក្តីរីករាយហើយនោះ គេបានសម្តែងការអរគុណ និងដឹងគុណយ៉ាងជ្រៅចំពោះសម្តេចតេជោ ដែលមិនទុកពួកគេចោល។
និស្សិត រិន ពិសិដ្ឋវិថូរី បានថ្លែងដូច្នេះ «ខ្ញុំពិតជាមានសេចក្តីសប្បាយចិត្ត ដែលសម្តេចតេជោ ដែលជាសម្តេចពុកផង និងជាសម្តេចតាផង មិនបោះបង់ពួកខ្ញុំ ឬទុកពួកខ្ញុំចោល។ គាត់បានជួយជ្រោមជ្រែង និងស្វះស្វែងទាក់ទងទៅខាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំទាំងយប់តែម្តង ឱ្យមកប្រាប់ខាងឯកឧត្តមខាងសាកលវិទ្យាធិការ ដើម្បីបន្តបង់ថ្លៃសិក្សាឱ្យពួកខ្ញុំរហូតដល់ចប់ថ្នាក់ឧត្តមសិក្សា ដែលធ្វើឱ្យពួកខ្ញុំមានកម្លាំងចិត្តបន្តការសិក្សាទាំងមិនមានភាពភ័យខ្លាចទៀត»។
តបស្នងនឹងការជួយជ្រោមជ្រែងរបស់សម្តេចតេជោ, និស្សិត រិន ពិសិដ្ឋវិថូរី ក៏ដូចជានិស្សិតដទៃទៀត ប្តេជ្ញានឹងខិតខំរៀន ដើម្បីក្លាយជាយុវជនល្អ ធនធានល្អចូលរួមកសាងប្រទេសជាតិ៕