
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ខេត្តស្ទឹងត្រែងក៏បានសហការសម្របសម្រួលការងារជាប់ជាប្រចាំ លើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ជាមួយភាគីឡាវដោយបានបោះបង្គោលលើដីជាក់ស្តែងចំនួន ២៣៧ទីតាំង ស្មើនឹង២៥៣បង្គោល។ ជាពិសេស សមិទ្ធផលសម្រេចបានដើមអាណត្តិទី៧ របស់រាជរដ្ឋាភិបាល គឺបានឯកភាពរួមគ្នាកំណត់បានទីតាំងបង្គោលព្រំដែន លេខ០៣៣ និងកំពុងដំណើរការបោះបង្គោលបំពេញបន្ថែមជាបណ្តើរៗឆ្ពោះទៅបោះបង្គោលមេ។ ក្នុងខែកក្កដាកន្លងទៅនេះ ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បានឯកភាពរួមគ្នាដើម្បីធ្វើការជួសជុលកែលម្អឡើងវិញកំណាត់ផ្លូវ រងការខូចខាត ក្បែរច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ក្រៅពីសមិទ្ធផលដែលបានសម្ពោធនៅថ្ងៃនេះ នៅពេលដ៏ខ្លីខាងមុខនេះ ខេត្តគ្រោងនឹងរៀបចំផ្លូវថ្មើរជើងថ្មីសម្រាប់ពលរដ្ឋ និងទេសចរដើរលេងកម្សា្តមានឈ្មោះថា «ផ្លូវឦសានធានី»។ ខណៈសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ មាន៤ រួមមាន៖ ទីលាន តេជោ-ធិបតី និងវេទិកានាគជ័យសួនបវរធិបតី សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្ចាស់ទឹកឃ្មុំ ដែលបានស្ថាបនា រួចរាល់ក្នុងឆ្នាំ២០២៥ និងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្តបាន ២២៩ពាន់តោន ដំឡូងមីស្ងួត ៧៦ពាន់តោន គ្រាប់ស្វាយចន្ទី ៥២ពាន់តោន និងស្វាយកែវរមៀត ៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង ៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន ១ ២៦៦តោន។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាន ៦០ខ្នង ស្មើនឹង ៣៦៧បន្ទប់។ ជារួមក្នុងខេត្តមានអគារសិក្សាសម្រាប់កម្រិត វិទ្យាល័យ ៧៨ខ្នង មាន ៣៣៤បន្ទប់ អនុវិទ្យាល័យ ៤៣ខ្នង មាន២០១បន្ទប់ បឋមសិក្សា ២៩២ខ្នង មាន ១១៥៤ បន្ទប់ ។ មានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង ១កន្លែង កំពុងបណ្តុះបណ្តាលគរុសិស្ស កម្រិតបឋមសិក្សាមកពីខេត្តនៅភាគឦសាន។ មានសាកលវិទ្យាល័យឯកជន ១កន្លែង សាលារៀនឯកជន ៤កន្លែង។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងក៏បានពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋក្នុងខេត្ត មានសិក្ខាកាមសរុប ៨៤៤នាក់ ស្រី ៤៧២នាក់ ក្នុងនោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតI (1.5M) ៣៧៥នាក់ ស្រី ២៧៨នាក់។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ខេត្តស្ទឹងត្រែង បានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ចុះបញ្ជីគម្រោង វិនិយោគ មានទុន វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគបន្ថែមទៀត។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ខេត្តបានគ្រប់គ្រង និងរៀបចំដីទំហំជិត ២ពាន់ហិកតា សម្រាប់សម្បទានដីសង្គមកិច្ច ជូនអតីតយុទ្ធជន និងនិវត្តជន។ ខេត្តក៏បានផ្តល់ដីសម្បទានសង្គមកិច្ចជូនគ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះជីពិតប្រាកដសម្រាប់ដីលំនៅឋាន ៦៩២ឡូតិ៍ ស្មើនឹង១៦៦ហិកតា និងដឹកសិកម្ម៦៧៦ឡូតិ៍ ស្មើនឹង២ ០៨០ហិកតា និងដីសម្រាប់ប្រើប្រាស់រួម ក្នុងសហគមន៍ ក្រោមគម្រោង LASED III។ ទន្ទឹមនោះកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្នុងឱកាសនៃពិធី សំណេះសំណាលរបស់ សម្តេចតេជោ ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សម្តេចតេជោបានឧបត្ថម្ភផ្ទះសម្រាប់អតីតយុទ្ធជន និងនិវត្តជន ដែលគ្មានផ្ទះ ចំនួន ៩៤ខ្នងបន្ថែមទៀតផងដែរ។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ ខេត្តស្ទឹងត្រែងមានយុទ្ធជនពលី ២រូប និងមានប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅក្នុងមណ្ឌលភៀសសឹកខេត្ត និងនៅតាមលំនៅឋានរបស់សាច់ញាតិក្នុងខេត្តមានចំនួន ៤៥៣គ្រួសារ ស្មើនឹង ១ ៤០៦នាក់ ស្រី ៧៣៩នាក់ បច្ចុប្បន្នបានវិលត្រឡប់ទៅលំនៅឋានវិញ។
-ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្នុងកាលៈទេសៈថៃឈ្លានពាន និងថៃបិទព្រំដែនដោយឯកតោភាគី ខេត្តស្ទឹងត្រែង មានពលករខ្មែរមកពីប្រទេសថៃវិញមានចំនួន ៣៣៤នាក់ ស្រី ១៣៥នាក់ ពេលនេះពលរដ្ឋមានការងារធ្វើក្នុងខេត្ត និងនៅក្រៅខេត្ត ព្រមទាំងប្រកបមុខរបរចំនួន ២៥១នាក់ ស្រី ៩៧នាក់ មិនទាន់មានការងារធ្វើ ចំនួន ៤៤នាក់ ស្រី ២៨នាក់។








