លោក ឃួង ស្រេង និងភរិយា ចូលរួមវេចខ្ចប់អំបុក នាំយកទៅចែកជូនដល់វីរកងទ័ព វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើននាក់ទៀត នៅរសៀលថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមវេចខ្ចប់អំបុក នៅសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋជាជនភៀសសឹក។

 

អំបុកជាង២តោន បានវេចខ្ចប់ ដោយច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខ។ លោក ឃួង ស្រេង និងលោកស្រី រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើង ដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

 

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះដែរ រដ្ឋបាលខណ្ឌ និងសប្បុរសជននានា បានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅបែងចែកជូនទៅដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដោយអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប តំណាងលោក ឃួង ស្រេង បានអញ្ជើញទទួលអំណោយនេះ។ សប្បុរសជន ដែលនាំយកអំណោយមកប្រគល់ជូននៅថ្ងៃទី២៨ធ្នូនេះ រួមមាន៖ រដ្ឋបាលខណ្ឌសែនសុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោ និងសប្បុរសជន។

 

ជាមួយគ្នានេះ លោកអភិបាលរាជធានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋបាលខណ្ឌសែនសុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោ និងសប្បុរសជន ដែលបានចូលរួមចែករំលែកនូវ ធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះ ពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

 

សូមបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយ ពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *